(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គស្វែងរកកីឡាករឆ្នើម ៨រូប ទៅប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី» បានឈានដល់វគ្គជម្រុះជុំចុងក្រោយ ដោយមានបេក្ខភាព ២៤រូប ដែលជាជើងខ្លាំងប្រចាំតំបន់ទាំង ៧ ចូលរួម ។ ពិធីបើកការប្រកួតជម្រុះជុំចុងក្រោយនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក ហេង សុខគង់ ប្រធានក្រុមការងាររៀបចំអង្គរសង្ក្រាន្ដ ផ្នែកការប្រកួត និងតាំងបង្ហាញបញ្ជ្រាបការយល់ដឹងអំពីល្បែងអុកចត្រង្គខ្មែរ។
លោក វ៉ាត់ ចំរើន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្រោមការដឹកនាំ និងការចង្អុលបង្ហាញរបស់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានពង្រីកការរៀបចំការប្រកួតជម្រុះតាមបណ្ដាលរាជធានី-ខេត្ត និងគ្រឹះស្ថានឧត្តមសិក្សា ហើយទទួលបានការគាំទ្រ និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់កីឡាករ-កីឡាការិនី ព្រមទាំងនិស្សិត តាមតំបន់នីមួយៗ រហូតរកឃើញកីឡាករឆ្នើមៗតាមតំបន់ មកប្រកួតជម្រុះជុំចុងក្រោយ នាពេលនេះ។
លោកបានបង្ហាញសុទិដ្ឋនិយមថា «ដោយមានការចូលរួមយ៉ាងច្រើនផុលផុស ក៏ដូចជាការរៀបចំការប្រកួតបានយ៉ាងល្អប្រសើរ យើងសង្ឃឹមថា ការប្រកួតអុកចត្រង្គ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះ គឺកាន់តែមានភាពអធិកអធម និងមានភាពជក់ចិត្ត ក្នុងការទស្សនា ក៏ដូចជាការស្វែងយល់អំពីកីឡាអុកចត្រង្គ ដែលជាកីឡាអត្តសញ្ញាណជាតិរបស់យើងនេះ» ។ ដូច្នេះក្រៅពីការប្រកួតជម្រុះ លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាអុកចត្រង្គ ចូលរួមទស្សនា និងលេងកម្សាន្ដឲ្យបានច្រើនកុះករ នៅមុខប្រាទអង្គរវត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោក ហេង សុខគង់ បានបបញ្ជាក់ថា ឆ្នាំនេះ ពិតជាពិសេសជាងឆ្នាំមុនៗ សម្រាប់ការប្រកួតអុកចត្រង្គ ក្រោយមានការយកចិត្តទុកដាក់ពីលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្រៅពីការប្រកួតលក្ខណៈមហាជន និងនិស្សិត លោកក៏បានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារផងដែរ ។ លោកបានសម្ដែងនូវសេចក្ដីរីករាយ ដែលតាំងពីការប្រកួតជម្រុះមហាជនតាមខេត្ត រហូតដល់រាជធានី ក៏ដូចជាការប្រកួតចម្រុះនិស្សិត និងកុមារ ត្រូវបានគាំទ្រ និងការចូលរួមយ៉ាងច្រើន ។ ទាំងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ហូយ សូណា ប្រធានបច្ចេកទេសហព័ន្ធ បានបញ្ជាក់ថា ចំពោះយុទ្ធនាការរកជើងខ្លាំង ទៅប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះ សម្រាប់ការប្រកួតជើងឯកនិស្សិតមហាវិទ្យាល័យ គឺមានកូតាពិសេស ដោយត្រូវប្រកួតវគ្គជម្រុះជ្រើសរើសយកបេក្ខភាព ២នាក់ ។ រីឯការប្រកួតមហាជន បន្ទាប់ពីរៀបចំជម្រុះតាមតំបន់ គឺយកជើងខ្លាំងប្រចាំតំបន់នីមួយៗ សរុប ២៤នាក់ មកប្រកួតជម្រុះជុំចុងក្រោយនៅភ្នំពេញ ចាប់ពីថ្ងៃទី២៩-៣១ ខែមីនា ដើម្បីចម្រាញ់យក ៨នាក់ចុងក្រោយ ទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប ចន្លោះថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ៕