(ព្រះសីហនុ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានអត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ មកពីជិត ៥០ប្រទេសចូលរួម ។ នេះគឺជាការបំបែកកំណត់ត្រាអ្នកចូលរួមរត់ដ៏ច្រើនក្នុងរយៈពេល ១០ឆ្នាំកន្លងមក ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានដាក់ផែនការជំរុញការរៀបចំទិវានេះ ឲ្យក្លាយព្រឹត្តិការណ៍រត់ប្រណាំងតាមឆ្នេរដ៏ធំជាងគេនៅអាស៊ាននាថ្ងៃអនាគត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC បានបញ្ជាក់ថា សម្រាប់ខួបលើកទី១០ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានកិច្ចសហការល្អពីរដ្ឋបាលខេត្តព្រះសីហនុ ដែលបានផ្ដល់នូវភាពកក់ក្ដៅដល់គណៈកម្មការជំនាញក្នុងការរៀបចំ ពិសេសការរៀបចំនូវសន្ដិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដើម្បីធានាសុវត្ថិភាពដល់អត្តពលិកជាតិ-អន្ដរជាតិ ដែលចូលរួមរត់លើគ្រប់វិញ្ញាសា រហូតទទួលបានការស្ងើចសរសើរផងដែរ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «នេះគឺជាព្រឹត្តិការណ៍ ដែលបង្ហាញថា ពួកយើងទាំងអស់គ្នាមកទីនេះ ដើម្បីបង្ហាញទៅពិភពលោក ក៏ដូចជាមតិជាតិ និងអន្ដរជាតិថា ខេត្តព្រះសីហនុ នៅតែជាខេត្តសក្ដានុពល ខាងផ្នែកសេដ្ឋកិច្ច ខាងផ្នែកទេសចរណ៍ ខាងផ្នែកវិស័យផ្សេងៗ ដែលត្រូវនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលជាខេត្តពហុបំណងនៃសេដ្ឋកិច្ចជាតិរបស់យើង»។

លោកបង្ហើបទៀតថា «តាមគម្រោងយើងធ្វើម៉េច ជំរុញឲ្យខេត្តព្រះសីហនុ ពិសេសទិវារត់ប្រណាំងតាមឆ្នេរសមុទ្រនេះ ឲ្យក្លាយជាព្រឹត្តិការណ៍ធំជាងគេនៅអាស៊ាន ។ ឥលូវនេះដែលធំជាងគេ និងមានមនុស្សខ្ទង់ម៉ឺននាក់ គឺមាននៅភូកេតម៉ារ៉ាតុង(ថៃ) និងដាណាងម៉ារ៉ាតុង តែនៅទីនោះ សក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរសុទ្រអត់ដូចយើងទេ យើងស្អាតជាង ជាក់ស្ដែងអ្នកមកចូលរួមរត់ផ្ទាល់នៅទីនេះថា យើងមានរត់តាមឆ្នេរវែងជាងគេ»។

«អ៊ីចឹងគោលដៅរបស់យើង ក្រោយពីជោគជ័យក្នុងខួបលើកទី១០ ដែលបំបែកកំណត់ត្រាអ្នកចូលរួមច្រើនជាងឆ្នាំមុន ជាចក្ខុវិស័យ យើងចង់ទាក់ទាញបរទេសឲ្យបានជាង ១ម៉ឺននាក់ក្នុងរយៈពេល ៥ឆ្នាំទៀត គឺធ្វើយ៉ាងម៉េចឲ្យជនបរទេសមកចូលរួម និងឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ គឺមានលក្ខណៈសមស្របដើម្បីទទួលស្វាគមន៍ពួកគាត់ ទាំងផ្ទះសំណាក់ សណ្ឋាគារ ទាំងការធ្វើដំណើរ មានទាំងព្រលានយន្ដហោះ និងផ្លូវល្បឿនលឿន ដែលអាចធ្វើដំណើរទៅ-មកយ៉ាងងាយស្រួល»។

លោក វ៉ាត់ ចំរើន បន្ដទៀតថា ដើម្បីជំរុញឲ្យព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាកាន់តែទាក់ទាញ់ NOCC កំពុងចាប់ដៃជាមួយប្រទេសផ្សេងៗ ដូចជាកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់នៅចិនជាដើម ដើម្បីទាក់ទាញអ្នករត់នៅតាលីម៉ារ៉ាតុងមករត់នៅកម្ពុជា ពិសេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ ដោយគ្មានការព្រួយបារម្ភ និងមានភាពកក់ក្ដៅ សម្រាប់ការរៀបចំក្រោយៗទៀត។

លោកសង្កត់ធ្ងន់ថា «នេះគឺជាចក្ខុវិស័យរបស់យើង ដែលយើងនឹងខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងថាមពលខ្លាំងក្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការជំរុញឲ្យមានកម្មវិធីច្រើនសម្រាប់កម្មវិធីកីឡារបស់យើង ដើម្បីបំផុសចលនាជាតិផង និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងផង ព្រោះរាល់កម្មវិធីទាំងអស់នេះ បានជួយច្រើនណាស់ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យទេសចរណ៍ផ្ទាល់តែម្ដង»៕