(ម៉ូនិច)៖ ក្លិបបាល់ទាត់អាជីព RB Leipzig បានឈានដល់ផ្លូវការបំបែក ក្នុងការដកគ្រូបង្វឹក Marco Rose ចេញពីតំណែងជាផ្លូវការនាថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ និងតែងតាំងលោក Zsolt Low ដឹកនាំជំនួសរហូតដល់ចប់រដូវកាលឆ្នាំ២០២៤-២០២៥។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសវ័យ ៤៨ឆ្នាំ Rose បានដឹកនាំឈ្នះ ៧២ប្រកួត ក្នុងចំណោម ១២៧ប្រកួតសរុបរបស់លោក ក្នុងរយៈពេល ២ឆ្នាំកន្លះជាមួយ Leipzig ដោយបានរួមចំណែកជួយលើកពាន German Cup ក្នុងឆ្នាំ២០២៣ ផងដែរ។
Leipzig បានរងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ Borussia Monchengladbach ដែលជា ១ប្រកួតចុងក្រោយរបស់លោក Rose ក្នុងលីគ Bundesliga ដែលធ្វើឱ្យពួកគេធ្លាក់ទៅឈរលេខរៀងទី៦ ជាបណ្តោះអាសន្ន ស្របពេលនៅសល់ ៧ប្រកួតទៀត ដើម្បីលេងបិទរដូវកាលនេះ។
ចំណែកឯលោក Low ដែលធ្លាប់ធ្វើគ្រូជំនួយរបស់លោក Thomas Tuchel នៅក្នុងក្លិបតោខៀវ Chelsea, Paris Saint Germain និង Bayern Munich ផងនោះ ត្រូវបានផ្តល់សេចក្តីទុកចិត្ត ក្នុងការដឹកនាំអតីតក្រុមខ្លាំងដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League 2019-20 រហូតដល់ចប់រដូវកាលនេះតែម្តង នៅពេល Leipzig ទើបតែលេងឈ្នះ ៣លើក ក្នុងចំណោម ១១ប្រកួតក្នុងលីគចុងក្រោយនេះ៕