(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់បោះអង្គុយជនពិការជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៥ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយមាសទាំង ២វិញ្ញាសា ព្រមទាំងទទួលបានការកោតសរសើរពីប្រធានសហព័ន្ធកីឡាបាល់បោះពិភពលោក ព្រមទាំងប្រតិភូ និងអត្តពលិកចូលរួមប្រកួតទៀតផង។
ព្រឹត្តិការណ៍នេះ បានដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ដោយមានអត្តពលិកចូលរួមចំនួន ៦ប្រទេស គឺមានក្រុមកីឡាបាល់បោះជនពិការថៃ ម៉ាឡេស៊ី ឥណ្ឌា នេប៉ាល់ ស្រីលង្ការ និងម្ចាស់ផ្ទះកម្ពុជា ដែលប្រកួតលើ ២វិញ្ញាសា ផ្នែកបុរស និងនារី។
លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា(NPCC) បានថ្លែងប្រាប់អ្នកព័ត៌មានក្រោយចប់ការប្រកួតថា កម្ពុជាបានទទួលការកោតសរសើរពីអន្ដរជាតិ ពិសេសលោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ដែលបានលើកឡើងថា កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី និងបន្សល់នូវគំរូដ៏ល្អសម្រាប់ប្រទេសធ្វើម្ចាស់ផ្ទះក្រោយៗទៀត។
ក្រៅពីវាយតម្លៃខ្ពស់ ចំពោះការរៀបចំការប្រកួតបានយ៉ាងល្អ ទាំងប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ក៏ដូចជាប្រតិភូ និងអត្តពលិកទាំងអស់ គឺបានថ្លែងអំណរគុណរាជារដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ក្នុងការជំរុញឲ្យព្រឹត្តិការណ៍ជាលើកដំបូងមួយនេះកើតឡើង និងទទួលបានដោយជោគជ័យ តាមរបៀប និងលំដាប់លំដោយ នៃស្ដង់ដារប្រកួតអន្ដរជាតិ។
លោកបន្ដថា «លោកស្រី Nimala Rawit បានវាយតម្លៃខ្ពស់ថា កម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីជូនដល់អាស៊ី ហើយជាប្រវត្តិសាស្ត្រដែលកម្ពុជារៀបចំឡើងជាលើកទី១ បើទោះជាមានការលំបាក ប៉ុន្តែយើងបានខិតខំប្រែងអស់ពីលទ្ធភាព ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកស្ម័គ្រចិត្ត។ មួយវិញទៀត លោកស្រីក៏បានកោតសរសើរចំពោះការហ្វឹកហាត់របស់អត្តពលិកម្ពុជា ដែលហ្វឹកហាត់ត្រឹមរយៈពេល ២ខែ តែកម្ពុជាដណ្តើមបានមេដាយមាសទាំង២វិញ្ញាសាតែម្តង»។
ក្រោយបញ្ចប់ការប្រកួតដោយជោគជ័យ និងបន្សល់នូវគំរូល្អៗសម្រាប់ជាបទពិសោធន៍នៃការរៀបចំលើក្រោយ កម្ពុជាក៏បានធ្វើពិធីផ្ទេរទង់ទៅប្រទេសម៉ាឡេស៊ី សម្រាប់ធ្វើម្ចាស់ផ្ទះ លើកទី២ បន្ទាប់ពីកម្ពុជា នាឆ្នាំ២០២៦ ខាងមុខផងដែរ ស្របពេលកម្ពុជា បានដាក់គោលដៅនឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ និងពង្រឹងក្រុមបាល់បោះជនពិការរបស់ខ្លួន ដើម្បីការពារមេដាយមាស ក្នុងការប្រកួតបាល់បោះជនពិការជើងឯកអាស៊ី លើកទី២ ផងដែរ។
គួរដឹងថា សម្រាប់លទ្ធផលបច្ចេកទេស បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃ ចំពោះវិញ្ញាសាបាល់បោះជនពិការបុរស គឺម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយមាស គ្រាដែលស្រីលង្កា ទទួលបានមេដាយប្រាក់ និងឥណ្ឌា ទទួលបានមេដាយសំរឹទ្ធ ។ រីឯវិញ្ញាសាក្រុមផ្នែកនារី កម្ពុជា ក៏ឈ្នះមេដាយមាស ខណៈថៃ ឈ្នះមេដាយប្រាក់ និងឥណ្ឌា ទទួលបានមេដាយសំរឹទ្ធ ដូចគ្នា៕