(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប TSMC បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា រោងចក្រផលិតក្នុងស្រុកថ្មីមួយរបស់ខ្លួននឹងបន្ថែមការងារបច្ចេកវិទ្យាចំនួន ៧,០០០ ដល់សេដ្ឋកិច្ចកោះនេះ ហើយខ្លួននឹងប្តេជ្ញាចិត្តបន្តពង្រឹងនៅតៃវ៉ាន់។ ប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Y.P. Chyn អនុប្រធានប្រតិបត្តិ និងជា co-chief របស់ TSMC បន្ទាប់ពីមានការព្រួយបារម្ភថាការវិនិយោគរបស់ក្រុមហ៊ុនយក្សនេះនៅសហរដ្ឋអាមេរិកនឹងកាត់បន្ថយវត្តមាននៅលើទឹកដីរបស់ខ្លួន។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោក Chyn បានធ្វើអត្ថាធិប្បាយនៅក្នុងពិធីមួយនៅឯ fab ក្នុងទីក្រុង Kaohsiung ភាគខាងត្បូងនៃកោះតៃវ៉ាន់តាមរយៈស្ថានីយ៍ទូរទស្សន៍តៃវ៉ាន់ និងជាទីតាំងដដែល ដែលលោកបានប្រកាសពីការបោះទុនវិនិយោគប្រមាណ ១០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន TSMC បានសង្កត់ធ្ងន់ថា តៃវ៉ាន់នឹងនៅតែជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ប្រតិបត្តិការរបស់ខ្លួន ដោយផ្នែកដ៏ច្រើននៃផលិតកម្មរបស់ខ្លួនស្ថិតនៅលើកោះនេះ។ រដ្ឋាភិបាលរបស់តៃវ៉ាន់ ធ្លាប់បាននិយាយថា Taiwan Semiconductor Manufacturing Co មានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចរបស់តៃវ៉ាន់ ដែលជារឿយៗគេហៅវាថាជា «ភ្នំពិសិដ្ឋការពារប្រទេស» ឬជាភាសាអង់គ្លេសថា «sacred mountain protecting the country»

លោក Chyn បានគូសបញ្ជាក់ថា រោងចក្រថ្មីកំពុងស្ថិតក្នុងដំណើរការចាប់ផ្តើម ខណៈ TSMC នឹងធ្វើដំណើរឆ្លោះទៅការផលិតដ៏ធំនៃបន្ទះឈីប 2nm នៅពាក់កណ្តាលត្រីមាសទី២ នៃឆ្នាំ២០២៥។ លោកបានបន្ថែមទៀតថា «យើងនឹងបន្តស្វែងរកកន្លែងដើម្បីពង្រីការវិនិយោគនៅតៃវ៉ាន់» នឹងបន្តបំពេញតម្រូវការរបស់អតិថិជនទូទាំងពិភពលោក។

គួរជម្រាបថា នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai ក៏បានថ្លែងអំណរគុណដល់ TSMC ដែលបានរំលឹកឡើងវិញថា ខ្លួននឹងរក្សាឫសគល់របស់ខ្លួននៅក្នុងតៃវ៉ាន់ ទោះបីជាខ្លួនពង្រីកនៅជុំវិញពិភពលោកក៏ដោយ។ លោក Cho Jung-tai លើកឡើងថា​៖ «គ្រឹះដ៏សំខាន់បំផុតនឹងនៅតែមាននៅក្នុងតៃវ៉ាន់»។ TSMC នឹង​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​របស់​យើង​ជានិច្ច៕