(ភ្នំពេញ)៖ ខ្សែក្រវាត់ WBC Kun Khmer ដែលទទួលបានជោគជ័យក្នុងការបញ្ចូលពាក្យ «គុនខ្មែរ ឬ Kun Khmer» ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត ក្នុងខ្សែក្រវាត់របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) ដោយលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ(KKIF) បានដង្ហែមកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ដោយទទួលបានការសាទរជាខ្លាំងពីមហាជន ពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដង្ហែខ្សែក្រវាត់ WBC Kun Khmer ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅកាន់ក្លិប KKIF លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា នេះគឺជាការជោគជ័យថ្មី ហើយក៏ជាក្ដីស្រម៉ៃរបស់លោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលចង់ឃើញពាក្យ «គុនខ្មែរ ឬ Kun Khme» ព្រមទាំងទង់ជាតិកម្ពុជា នៅលើខ្សែក្រវាត់ WBC ដែលជាខ្សែក្រវាត់កម្រិតពិភពលោកដ៏ល្បីល្បាញ ហើយឥលូវក្ដីស្រម៉ៃនេះ ក៏បានក្លាយជាការពិត ក្រោយចំណាយរយៈពេល ១ឆ្នាំ ដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក។

លោកបន្ដថា ទម្រាំទទួលបានជោគជ័យក្នុងការចរចា រហូតថ្នាក់ដឹកនាំស្ថាប័ន WBC សម្រេចដាក់បញ្ចូលពាក្យ «គុនខ្មែរ ឬ Kun Khmer» ក្នុងខ្សែក្រវាត់ជាផ្លូវការនេះ បានឆ្លងកាត់លក្ខខណ្ឌជាច្រើន ដោយពិនិត្យលើសកម្មភាពគុនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាចារឹក និងប្រវត្តិគុនខ្មែរផ្ទាល់ នៅតាមជញ្ជាំងប្រាសាទបុរាណ ជាមួយការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ពិសេសកត្ដាសុខសន្ដិភាពនៅកម្ពុជា ទើបស្ថាប័នពិភពលោកនេះ សម្រេចដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់ WBC។

ប្រធានក្លិប KKIF ដដែលបានបញ្ជាក់ទៀតថា ខ្សែក្រវាត់ WBC Kun Khmer ដែលមានបន្ថែមរូបទង់ជាតិកម្ពុជា ក្នុងចំណោមទង់ជាតិប្រទេសសមាជិកជាង ១០០ប្រទេស រួមជាមួយរូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា និងពាក្យ «កម្ពុជា ឬ Cambodia» ផងនោះ គឺជាការឌីហ្សាញដោយផ្ទាល់ពីសំណាក់ប្រធានស្ថាប័ន WBC លោក Mauricio Sulaiman ហើយលោកក៏ចេញវីដេអូខ្លីមួយ បញ្ជាក់ពីការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ ក្នុងការបង្កើតមានខ្សែក្រវាត់ WBC Kun Khmer ជាលើកដំបូងនេះ សម្រាប់កម្ពុជានេះផងដែរ។

ដើម្បីអបអរសាទរជោគជ័យ នៃការដាក់ពាក្យ «គុនខ្មែរ ឬ Kun Khmer» លើខ្សែក្រវាត់ស្ថាប័នពិភពលោកខាងលើ នៅថ្ងៃទី១៤ ខែមេសាខាងមុខ លោកនឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅខេត្តព្រះសីហនុ គឺការប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer លើកដំបូង រវាងកីឡាករគុនខ្មែរ ២រូប គឺ ឈឿង ល្វៃ និង សុខធី ជាមួយកីឡាករបរទេស(បញ្ជាក់នាពេលក្រោយ) ។ ព្រឹត្តិការណ៍នេះ សរុបមាន ៨គូ ដោយកីឡាករកម្ពុជា សុទ្ធតែត្រូវជួបកីឡាករបរទេស តែក៏មានបេក្ខភាពដណ្ដើមខ្សែក្រវាត់ប្រដាល់សកល ២គូផងដែរ។ អ្វីដែលពិសេស គឺនឹងមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័ន WBC ទៀតផង។

លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីជោគជ័យក្នុងជំហានទី១ ក្រោយព្រឹត្តិការណ៍ប្រកួតអន្ដរជាតិ និងដណ្ដើមខ្សែក្រវាត់នាថ្ងៃទី១៤ ខែមេសា លោកនឹងបន្ដកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័ន WBC បន្ថែមទៀត ដើម្បីកំណត់លក្ខខណ្ឌរៀបចំការប្រកួត ទាំងក្នុង និងក្រៅប្រទេសជាបន្ដបន្ទាប់ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer តើ ១ឆ្នាំត្រូវរៀបចំប៉ុន្មានដង? ក៏ដូចជាកិច្ចពិភាក្សាដើម្បីរៀបចំនូវរចនាសម្ព័ន្ធអាជ្ញាកណ្ដាល-ចៅក្រមសម្រាប់កាត់សេចក្ដីការប្រកួត ដោយមានការចូលរួមពីក្រុមការងារសហព័ន្ធគុនខ្មែរផងដែរ៕