(ឡុងដ៏)៖ ក្លិប Everton បានបង្ហាញរបាយការណ៍ផ្នែកហិរញ្ញវត្ថុថា បានការខាតបង់ជាទឹកប្រាក់ប្រមាណ ៦៨.៤៤លានដុល្លារ ក្នុងរដូវកាល២០២៣-២៤ ដែលជាការបន្តខាតបង់ក្នុងរយៈពេល ៧ឆ្នាំជាប់គ្នាផងដែរ ។ នេះបើតាមក្លិបបានឱ្យដឹងកាលពីថ្ងៃចន្ទ។
ជាមួយរបាយការណ៍ខាតបង់នេះ ក្លិបក៏មានគោលការណ៍ធ្វើយ៉ាងណាជៀសវាងកុំឱ្យជាប់ពាក់ពាន់ទៅនឹងការបំពានលើច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ក្នុងលីគផងដែរ ។ ខណៈកាលពីឆ្នាំមុនក្លិបក៏បានបង្ហាញថា មានការប្រសើឡើងប្រមាណ ៨៩.១លានផោន ប៉ុន្តែនេះក៏ជាការខាតបង់របស់ក្លិបក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះមានចំនួនសរុបរហូតដល់ទៅ ៥៧០លានផោន។
បើយោងទៅតាមបទប្បញ្ញត្តិរបស់ PSR ក្លិបត្រូវបានអនុញ្ញាតឱ្យមានតួរលេខខាតបង់ជាអតិបរមាប្រមាណ ១០៥លានផោនក្នុងរយៈពេល ៣ឆ្នាំ។ ហើយការខាតបង់រយៈពេល ៣ឆ្នាំរបស់ Everton មានចំនួន ១៨៧លានផោន ប៉ុន្តែក្លិបបានស្ថិតក្នុងការលើកលែង ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍យុវជន និងបាល់ទាត់ស្ត្រី ដែលបានជួយឱ្យក្លិបនេះរក្សាបានទៅតាមការអនុលោមតាមច្បាប់។
បច្ចុប្បន្នក្លិបស្ករគ្រាប់ Everton ក៏កំពុងធ្វើការសាងសងកីឡដ្ឋានថ្មី ដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥០លានផោន ក្នុងកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដែលគ្រោងនឹងត្រូវផ្លាស់ទៅលេងសម្រាប់រដូវកាល២០២៥-២៦។
ខណៈការប្រកួតប្រជែងលីគអង់គ្លេស Premier League រដូវកាលនេះ Everton បានតែងតាំងលោក David Moyes ជាគ្រូបង្វឹកឡើងវិញ ដើម្បីជំនួស Sean Dyche កាលពីខែមករា ឆ្នាំ២០២៥នេះ។ ហើយកំពុងឈរនៅលេខ១៥ រកបាន ១៧ពិន្ទុនៅពីលើតំបន់កាត់ចោលជាបណ្តោះអាសន្ន៕