(ភ្នំពេញ)៖ ប្រាក់ចំណូល ទ្រព្យសកម្ម និងប្រាក់បញ្ញើនៅធនាគារ វីង បានកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ត្រូវបានរាយការណ៍ឱ្យដឹងថា មានការរីកចម្រើនដ៏ខ្លាំងក្លាទាំងប្រព័ន្ធហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីវឌ្ឍនភាពដ៏ស្វាហាប់របស់ធនាគារមួយនេះ ក្នុងនាមជាគ្រឹះស្ថានឈានមុខគេមួយនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។

ប្រាក់ចំណូលរបស់ធនាគារមួយនេះបានកើនឡើង ៧៣% កាលពីឆ្នាំមុន ដោយសារតែប្រាក់បញ្ញើកើនឡើង ៦២% និងការផ្តល់ឥណទាននៅរក្សាបានកំណើនថេរ ខណៈដែលទ្រព្យសកម្មសរុបកើនឡើង ៥២% ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីការគាំទ្រកាន់តែច្រើនឡើងរបស់អតិថិជន និងកំណើនតម្រូវការប្រើប្រាស់ឥណទាន។ ការផ្តល់ឥណទានទៅដល់អតិថិជនជាបុគ្គល ក៏មានការកើនឡើង២៦% ផងដែរ ដ្បិតថាអតិថិជនត្រូវការឥណទានដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែជឿជាក់នាពេលកន្លងមក។ ទំនុកចិត្តដ៏រឹងមាំនេះ គឺជាកម្លាំងជំរុញឱ្យយើងរីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ ក៏ដូចជាពង្រឹងការបេ្តជ្ញាចិត្តរបស់យើងខ្ញុំបន្ថែមទៀតដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងការអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់»

ទន្ទឹមគ្នានេះ ថ្នាលឌីជីថលរបស់ធនាគារ វីង ក៏ទទួលបានការគាំទ្រច្រើនផងដែរ ដោយមានអ្នកប្រើប្រាស់អេប Wing Bank កើនឡើង ២៣% និងអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសមកកម្ពុជាកើនឡើង ១៥% ដែលនេះបង្ហាញថាប្រជាជនកម្ពុជាកំពុងងាកមកប្រើប្រាស់សេវាធនាគារតាមទូរសព្ទដៃ និងការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែច្រើនឡើង។

សម្ទុះកំណើនរបស់ធនាគារមួយនេះក៏បានមកពីការកើនឡើង២៦% នៃការប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់ក្រុមហ៊ុនដៃគូជាច្រើនផងដែរ ដែលឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារ វីង គាំទ្រក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យម ហើយធ្វើឱ្យការបើកប្រាក់ឈ្នួលមានលក្ខណៈស្តង់ដារជាងមុន ដែលជាកត្តាដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ភាពរឹងមាំរបស់ធនាគារក្នុងស្រុកមួយនេះ ក៏ត្រូវបានជំរុញបន្ថែមផងដែរ តាមរយៈយុទ្ធសាស្រ្តបង្កើនដើមទុន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារ វីង បង្កើនដើមទុនរបស់ខ្លួនចំនួន ៨៨លានដុល្លារអាមេរិក ដែលក្នុងនោះដើមទុនស្នូលមានចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២មានចំនួន២៨លានដុល្លារអាមេរិក។ ការបន្ថែមដើមទុននេះ មានគោលបំណងពង្រឹងស្ថិរភាពហិរញ្ញវត្ថុធនាគារ ព្រមទាំងបង្កើនសមត្ថភាពផ្តល់កម្ចីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ក៏ដូចជាគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានកាន់តែច្រើនថែមទៀត។

កាលពីឆ្នាំ ២០២៤ ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗជាច្រើន ដើម្បីជួយឱ្យអតិថិជនអាចប្រើប្រាស់ហិរញ្ញវត្ថុកាន់តែងាយស្រួល។ ក្នុងចំណោមផលិត និងសេវាកម្មជាច្រើននោះ គណនី «សន្សំដើម្បីគោលដៅ» ជួយឱ្យអតិថិជនអាចចាត់ចែងការសន្សំលុយដើម្បីសម្រេចគោលដៅដែលចង់បាន។ ចំណែកឯ វីងឌីជីថលឡូន ផ្តល់លទ្ធភាពដល់អតិថិជនអាចស្នើកម្ចីដល់ទៅ ៥០.០០០ដុល្លារតាមរយៈអេប Wing Bank ត្រឹមតែរយៈពេល៣នាទីប៉ុណ្ណោះ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះឡើយ។

លើសពីនេះទៅទៀត ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការជាផ្លូវការ ម៉ាស្ទ័រកាត វ័នកាត ដែលមានមុខងារបណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីតក្រេឌីតកាត សម្រាប់អតិថិជនមានចំណូលខ្ពស់។
ភាពជោគជ័យរបស់ធនាគារ វីង ក្នុងឆ្នាំ២០២៤ ក៏ត្រូវបានស្តែងឡើង តាមរយៈការទទួលនូវពានរង្វាន់ចំនួន៦ផ្សេងៗគ្នា ដែលបង្ហាញពីភាពច្នៃប្រឌិត ការនាំមុខគេនៅក្នុងទីផ្សារ និងការបេ្តជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ពានរង្វាន់ទាំងនោះរួមមាន ពានរង្វាន់ Leadership in Debit Volume 2024, Leadership in Cross-Border Volume 2024 និងពានរង្វាន់ Innovation Breakthrough 2024 ដែលពានរង្វាន់ទាំងនេះត្រូវបានប្រគល់នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត។ បន្ថែមពីលើនេះ ថ្នាលឌីជីថល  Wingagri ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង ក៏ត្រូវបានទទួលស្គាល់ជា «ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ» ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រៅពីនេះ ធនាគារ វីង ក៏ទទួលបានកិត្តិយសផងដែរជាមួយនឹងពានរង្វាន់បរិយាបន្នឌីជីថល និងពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមក្នុងឆ្នាំ២០២៤របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ 

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនឆ្ពោះទៅមុខជាមួយនឹងការធ្វើពិធកម្ម និងឌីជីថលភាវូបនីយកម្ម យុទ្ធសាស្ត្ររបស់ធនាគារ វីង ដែលរួមមានការបន្ថែមដើមទុន ការពង្រឹងសមត្ថភាពឌីជីថល និងការផ្តោតលើតម្រូវការអតិថិជន ធ្វើឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានឈានមុខគេក្នុងការរួមចំណែកធ្វើទំនើបកម្មអនាគតធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា៕