(វ៉ាស៊ីនតោន)៖ ក្លិប Los Angeles FC នឹងត្រូវប៉ះ Club America ដើម្បីលេងជម្រុះប្រជែងកៅអី ទៅជំនួសក្លិប Leon ដែលត្រូវបាន FIFA ដកចេញពីការប្រជែងពាន Club World Cup 2025 នៅសហរដ្ឋអាមេរិកនាអំឡុងខែមិថុនាខាងមុខ។

LAFC ដែលកំពុងឈរជើងនៅក្របខណ្ឌ Major League Soccer របស់អាមេរិក ដែលកីឡាករសំខាន់ Olivier Giroud និងអ្នកចាំទី Hugo Lloris លេងនៅទីនោះ ដើម្បីកៅអីចុងក្រោយ តាមរយៈប៉ះក្រុម Club America មកពីលីគកំពូលមិចស៊ិក ក្នុងការបំពេញបន្ថែមវគ្គចែកពូល ៣២ក្រុមនៃកម្មវិធី Club World Cup នារដូវក្តៅនេះ។

ជាការកត់សម្គាល់ផងដែរ LAFC ត្រូវបានជ្រើសរើស ដើម្បីលេងវគ្គលើកនេះ ក្នុងនាមជាក្រុមរងជើងឯកពាន Concacaf Champions League 2023 ដែលបានចាញ់ Club Leon ក្នុងប្រកួតផ្តាច់ព្រ័ត្រ ស្របពេលគូប្រជែង Club America ជាក្លិបដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ បន្ទាប់ពី Leon ប្រចាំតំបន់អាមេរិកខាងជើង។

សម្រាប់កាលបរិច្ឆេទ ក៏ដូចជាទីលានប្រកួតតែ ១លើក នឹងត្រូវប្រកាសដោយ FIFA នាពេលក្រោយ ខណៈក្រុមនឹងទៅបង្រ្គប់កៅអីក្នុងពូល D ដែលមានក្រុម Flamengo, Esperance Sportive de Tunisie និងតោខៀវ Chelsea ជាដើម៕