(ភ្នំពេញ)៖ ធនាគារ វីង បានប្រកាសពីការគាំទ្រយ៉ាងពេញទំហឹង នូវសិក្ខាសាលារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់នៃការរួមចំណែកធនាគារឌីជីថល ក្នុងការបង្កើនប្រសិទ្ធភាពនៃការជួយជំរុញកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមគាំទ្រការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយផ្តោតលើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញកំណែទម្រង់ប្រមូលពន្ធតាមប្រព័ន្ធឌីជីថល សំដៅកសាងមូលដ្ឋានសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

សិក្ខាសាលនេះមានការចូលរួមក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ សិក្ខាសាលានេះសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា បានបញ្ចប់ កាលពីពេលថ្មីៗនេះ ដោយមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ១.១០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញមកពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌនៅទូទាំងប្រទេសកម្ពុជា។

ក្នុងសុន្ទរកថាបើកសិក្ខាសាលានេះលោក គង់ វិបុល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា ដែលរួមមានការដាក់ឱ្យប្រើប្រាស់ការប្រព័ន្ធចុះបញ្ជី និងការប្រមូលពន្ធតាមអនឡាញ ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកជាប់ពន្ធ ដោយមិនចាំបាច់ចំណាយពេលមកកាន់សាខាពន្ធដារដោយផ្ទាល់នោះឡើយ ពោលគឺគ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់រួចបើក APP GDT នៅលើទូរសព្ទដៃដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ។

លោក គង់ វិបុល បានថ្លែងថា «ចំណូលពន្ធបានរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈចាំបាច់ជាច្រើនទៀត ដែលបម្រើប្រយោជន៍ដល់ទៅប្រជាពលរដ្ឋគ្រប់ៗគ្នា»។ ក្នុងកំលុងនៃការរៀបចំសិក្ខាសាលានេះ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ក៏បានបង្ហាញនូវផលិតផលហិរញ្ញវត្ថុឌីជីថលចុងក្រោយបំផុតរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ធ្វើឱ្យសេវាធនាគារកាន់តែសាមញ្ញ និងងាយស្រួលប្រើប្រាស់ ក៏ដូចជាបំពេញតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «យើងខ្ញុំសូមកោតសរសើរចំពោះការធ្វើបរិវត្តកម្មឌីជីថលដ៏គួរឱ្យកត់សម្គាល់ របស់អគ្គនាយកដ្ឋានពន្ធដារក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅពង្រឹងតម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រមូលចំណូលពន្ធជូនរដ្ឋ។ ធនាគារ វីង ពិតជាមានមោទនភាពដែលបានចូលរួមគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មការពន្ធដារ ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ដំណោះស្រាយធនាគារឌីជីថលរបស់យើងខ្ញុំ ត្រូវបានបង្កើតឡើង ដើម្បីធ្វើឱ្យការទូទាត់ចំណូលពន្ធកាន់តែមានងាយស្រួល សុវត្ថិភាព និង អាចប្រើប្រាស់សម្រាប់សាធារណជនទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដែលជួយឱ្យកម្ពុជាខិតកាន់តែជិតគោលដៅនៃគន្លងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន»

ក្នុងឆ្នាំ២០២៤ ធនាគារ វីង ទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយសម្រួលដល់ការទូទាត់ចំណូលពន្ធជូនរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូនេះអនុញ្ញាតឱ្យសាធារណជន អាចបំពេញកាតព្វបង់ពន្ធនៅគ្រប់សាខាធនាគារ វីងទាំងអស់ ដោយឥតគិតថ្លៃ ដែលជួយកាត់បន្ថយការចំណាយពេលវេលាធ្វើដំណើរ ទៅកាន់ការិយាល័យអគ្គនាយដ្ឋានពន្ធដោយផ្ទាល់ ហើយថែមទាំងជួយឱ្យដំណើរការបង់ពន្ធកាន់តែរលូន។

បន្ថែមពីលើនេះ អ្នកបង់ពន្ធ ក៏អាចទូទាត់តាមរយៈកម្មវិធី GDT នៅលើស្មាតហ្វូនដូចជា កម្មវិធី GDT Taxpayer App សម្រាប់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធមធ្យោបាយដឹកជញ្ជូន, កម្មវិធី GDT Tax Prefiling App និងកម្មវិធី GDT E-Filing App ដោយគ្រាន់តែជ្រើសរើសធនាគារ វីង សម្រាប់ការទូទាត់រួចជាការស្រេច។ ធនាគារ វីង នៅតែជាដៃគូទុកចិត្តយូរអង្វែងរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយគាំទ្រនូវគំនិតផ្តួចផ្តើម ដែលជួយលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងបរិវត្តកម្មឌីជីថលដែលសំដៅជំរុញប្រព័ន្ធពន្ធដារ នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទំនើបស្របតាមយុគសម័យឌីជីថល៕