(បរទេស)៖ របាយការណ៍ពី The Economic Times បានរាយការណ៍មកថា ក្រុមហ៊ុន Foxconn គ្រោងបង្កើនការផលិត និងដំឡើង iPhone ទ្វេដងក្នុងនៅក្នុងប្រទេសឥណ្ឌាក្នងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍បានបង្ហាញថា Foxconn នឹងដំឡើង iPhone ចន្លោះពី ២៥ ទៅ ៣០ លានគ្រឿងនៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំ២០២៥ ដែលជាចំនួនច្រើនជាងទ្វេដងនៃទិន្នផលប្រចាំឆ្នាំរបស់ខ្លួនប្រហែល ១២ លានគ្រឿង បើធៀបនឹងឆ្នាំមុន។
រោងចក្រថ្មីរបស់ Foxconn នៅទីក្រុង Bengaluru គ្រោងនឹងក្លាយទៅជារោងចក្រដំឡើង iPhone ធំជាងគេទីពីរនៅក្នុងផលប័ត្ររបស់ខ្លួន បន្ទាប់ពីរោងចក្រ Zhengzhou ដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន។ ប្រភពដដែលបានបញ្ជាក់ថា Foxconn បានរៀបចំដំណើរការផលិត iPhone សាកល្បងរួចហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តែយ៉ាងណា ជុំវិញព័ត៌មានលម្អិតទាំង Apple និង Foxconn បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអភិវឌ្ឍន៍នេះទេ។
គួរជម្រាបថា ការពង្រីកនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Apple ក្នុងការធ្វើនាំយកប្រតិបត្តិការផលិតកម្មរបស់ខ្លួនឱ្យឆ្ងាយពីប្រទេសចិន និងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា៕