(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះកិច្ចសហការរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ដោយផ្ដោតលើយុវជន ផ្សារភ្ជាប់ជាមួយបច្ចេកទេសវិទ្យា ដែលស្របទៅតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ការលើកឡើងនេះ បន្ទាប់ពីប្រធានសហព័ន្ធខាងលើ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នាជាមួយ ស្ដីពីកិច្ចសហការឧពត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន អ៊ី-ហ្គេត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ដោយលោកបានចាត់ទុកនេះ គឺជាការបង្ហាញនូវវឌ្ឍនភាព ការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។
លោក សៅ សុខា បានគូសរំលេចថា សហព័ន្ធមានគោលការណ៍គន្លឹះសំខាន់ៗចំនួន ៤ ក្នុងការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ទី១-រដ្ឋបាលគ្រប់គ្រង ទី២-បច្ចេកទេស និងអភិវឌ្ឍន៍ ទី៣-ការប្រកួត និងទី៤-បង្កើនការទទួលខុសត្រួវ រៀបចំព្រឹត្តិការណ៍បាល់ទាត់អន្ដរជាតិ និងការគាំទ្រពីទស្សនិកជន ។ ដើម្បីធានានូវគោលការណ៍ទាំងនេះ សហព័ន្ធក៏បានរៀបចំផែនការយុទ្ធសាស្ដ្រច្បាស់លាស់ សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញការអភិវឌ្ឍន៍បាល់ទាត់ប្រកបដោយចីរភាព ទៅថ្ងៃអនាគត។
ជាមួយគ្នា លោកក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវិស័យឯកជន ក្នុងការបន្ដចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពកីឡាដ៏មានប្រជាប្រិយភាពនៅកម្ពុជា និងលើពិភពលោក ជាក់ស្ដែងក្រុមហ៊ុនអ៊ីហ្គេត ក្រៅពីចូលរួមឧបត្ថម្ភគាំទ្រជាមួយសហព័ន្ធ ក្រុមហ៊ុនក៏បានបង្ហាញឆន្ទៈដ៏ច្បាស់លាស់ ក្នុងការផ្សារភ្ជាប់បច្ចេកវិទ្យា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ ពិសេសគឺការផ្ដោតលើយុវជនតែម្ដង។
នាយឧត្តមសេនីយ៍ សៅ សុខា បន្ដថា «ទាក់ទងនឹងការឧបត្ថម្ភដល់កីឡាបាល់ទាត់របស់អ៊ីហ្គេត គឺឆ្ពោះទៅរកយុវជន ។ នេះគឺជាចំណុចដែលខ្ញុំគាំទ្រ ពីព្រោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា គឺបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណ ក្នុងនោះបញ្ចកោណទី៥ ក៏ទាក់ទងទៅនឹងបច្ចេកវិទ្យាដែរ ។ ដូច្នេះភាពលឿន រហ័ស ក៏ដោយសារផ្សារភ្ជាប់នឹងបច្ចេកវិទ្យាហ្នឹងដែរ ។ អ៊ីចឹងនេះជាការចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា»។
គួរដឹងថា តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់សហព័ន្ធ បច្ចុប្បន្នសហព័ន្ធបានដំណើរការសកម្មភាពយ៉ាងរលូន ដោយមានការចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមលេង និងទស្សនាពីអ្នកនិយមវិស័យកីឡាបាល់ទាត់ ពិសេសដៃគូឧបត្ថម្ភ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ព្រមទាំងក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA), សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) និងបណ្ដាប្រទេសជាមិត្តផងដែរ ៕