(ភ្នំពេញ)៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រសម្រាប់ឧស្សាហកម្មតន្ត្រីនៅកម្ពុជា ផលិតកម្មបារមីបានប្រកាសភាពជាដៃគូដ៏សំខាន់ជាមួយក្រុមហ៊ុន EMPIRE ដែលជាក្រុមហ៊ុនផ្សព្វផ្សាយតន្ត្រីឯករាជ្យឈានមុខគេមួយនៅ លើពិភពលោក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលនៅពីក្រោយភាពល្បីល្បាញរបស់សិល្បករ ល្បីៗជាច្រើន ដូចជា Kendrick Lamar, Anderson Paak, Snoop Dogg, Cardi B ជាដើម និងទើបចុះកិច្ចសន្យាជាមួយ G-Dragon កាលពីពេលថ្មីៗនេះ។
ការចុះកិច្ចព្រមព្រៀងរវាង ផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE បានធ្វើឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ កិច្ចសហការដ៏អស្ចារ្យនេះ គឺជាលើកទីមួយហើយ ដែលផលិតកម្មតន្រ្តីខ្មែរទទួលបានការគាំទ្រពីអន្តរជាតិ ឱ្យអាចឈានដល់កម្រិតនេះ ដែលនឹងជំរុញឱ្យសិល្បករខ្មែរទទួលបានភាពជោគជ័យជាសកល។
ការវិនិយោគដែលមានតម្លៃខ្ចង់លានដុល្លារនៅក្នុងវិស័យតន្ត្រីខ្មែរនេះ នឹងផ្តល់ឱ្យសិល្បករជំនាន់ក្រោយ ក៏ដូចជាសិល្បករបច្ចុប្បន្នរបស់ផលិតកម្មបារមី រួមទាំងតារាដ៏ល្បីល្បាញរបស់ផលិតកម្មបារមី ដូចជាលោក ម៉ាន់ វណ្ណដា (VannDa) ឱ្យទទួលបានការផ្សព្វផ្សាយលំដាប់ពិភពលោក ជាមួយការគាំទ្រផ្នែក បណ្តុះបណ្តាល និងអភិវឌ្ឍន៍សិល្បករ (Artist & Repertoire) ក៏ដូចជាការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំនៅក្នុងឧស្សាហកម្មនេះ។
កិច្ចសហការនេះ នឹងជួយពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងពិភពតន្ត្រី ដែលកំពុងវិវឌ្ឍជាសកល ខណៈដែលភាសាលែងជាឧបសគ្គ ហើយវេទិកាឌីជីថលបានលុបចោលដែនកំណត់ភូមិសាស្ត្រ។ កិច្ចសហការនេះ គឺមានលើសពីការផ្សព្វផ្សាយតន្ត្រី ពោលគឺតំណាងឱ្យការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងឧស្សាហកម្មតន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយនិរន្តរភាព។ ភាពជាដៃគូនេះ ផ្តល់ឱ្យសិល្បករនូវធនធាន និងការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងឧស្សាហកម្មតន្ត្រី ដែលចាំបាច់ ដើម្បីពង្រីកលទ្ធភាពរបស់ពួកគេនៅលើឆាកអន្តរជាតិ។
កញ្ញា ម៉ម ឡរា ទេវរី នាយិកាប្រតិបត្តិ និងជាសហស្ថាបនិកផលិតកម្ម បារមី បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងភាពជាដៃគូនេះ គឺជាការបោះជំហ៊ានយ៉ាងធំ។ ពេលនេះ តន្ត្រីខ្មែរមានវត្តមាននៅលើឆាកអន្តរជាតិ ហើយក្រុមហ៊ុន EMPIRE នឹងជួយយើងកសាងអាជីព សម្រាប់សិល្បកររបស់យើង ដែលមានក្តីស្រមៃឈានទៅកាន់ឆាកអន្តរជាតិ»។
កញ្ញាបន្ថែមថា «ចំពោះសិល្បករខ្មែរ, ការសហការនេះគឺជាផ្លូវមួយនាំឆ្ពោះទៅកាន់ការទទួលស្គាល់ជាសកល ខណៈដែលអ្នកគាំទ្រនឹងឃើញការសហការថ្មីៗជាមួយសិល្បករ និងផលិតករអន្តរជាតិជាច្រើនទៀត។ កាន់តែពិសេសទៀតនោះ កិច្ចព្រមព្រៀងនេះនិងធ្វើឱ្យកម្ពុជាក្លាយជាមជ្ឍមណ្ឌលនៅអាស៊ីអាគ្នេយ៍នៃពិភពតន្ត្រី។ លើសពីនេះទៀត ភាពជាដៃគូនេះនឹងជួយសិល្បកររបស់ផលិតកម្ម បារមី ក៏ដូចយុវជនជំនាន់ក្រោយ ដែលចង់ក្លាយជាសិល្បកររបស់ផលិតកម្ម បារមី ដើម្បីសម្រេចក្តីស្រមៃ និងអាចប្រកួតប្រជែងនៅលើឆាកអនន្តរជាតិ»។
ភាពជាដៃគូរវាងផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE នៅតំបន់អាស៊ីអាគ្នេយ៍នេះ គូសបញ្ជាក់ពីការរីកចម្រើននៃតន្ត្រីខ្មែរនៅលើឆាកអន្តរជាតិ ជាមួយនឹងវេទិកាផ្សព្វផ្សាយ (streaming) ដែលនឹងជំរុញឱ្យមានកិច្ចសហការឆ្លងដែនកាន់តែច្រើន។
លោក Ghazi Shami ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន EMPIRE បានលើកឡើងពីសក្តានុពលរបស់ប្រទេសកម្ពុជាថា ៖«នៅក្រុមហ៊ុន EMPIRE យើងតែងទទួលជោគជ័យនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន និងមានទេពកោសល្យពិសេស។ ផលិតកម្ម បារមី កំពុងឈានមុខគេនៅកម្ពុជា ហើយយើងពិតជាមានមោទនភាព នៅក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញ ដើម្បីលើកម្ពស់តន្ត្រីខ្មែរនៅលើពិភពលោក»។
កញ្ញា ឡរា ម៉ម បានបញ្ជាក់បន្ថែមថា តាមរយៈភាពជាដៃគូនេះ សិល្បករ សិល្បការិនីនៃប្រទេសកម្ពុជា នឹងមានឱកាសជាច្រើនក្នុងការសហការជាមួយនឹងតន្រ្ដីករអន្ដរជាតិ តាមរយៈការត្បាញបញ្ចូលគ្នានូវសម្លេងសិល្បៈខ្មែរ ជាមួយនឹងឥទ្ធិពលតន្ត្រីពិភពលោក ហើយវាជាសាក្ខីភាពមួយដែលសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដ៏លេចធ្លោមួយនៅលើឆាកអន្ដរជាតិ និងកំពុងចាក់មូលដ្ឋានគ្រឹះ សម្រាប់ឧស្សាហកម្ម និងវិស័យតន្ត្រីប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។
តាមរយៈកិច្ចសហការនេះ សិល្បករខ្មែរពេលនេះ មានឱកាសថ្មីក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយទស្សនិកជននៅលើពិភពលោក ហើយនឹងធ្វើឱ្យកម្ពុជាមានមោទនភាព តាមរយៈការនាំយកវប្បធម៌របស់យើងទៅកាន់ឆាកអន្តរជាតិ នៅក្នុងកម្រិតមួយដែលយើងមិនធ្លាប់មានពីមុន៕