(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន តូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសកលលោកស្តីពី គម្រោងហិរញ្ញប្បទានសាជីវកម្ម។

នៅពិធីចុះអនុស្សរណៈនេះ លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និង អនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន និងបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើកទី១កាលពីឆ្នាំ២០២១។ ស្ថាប័នទាំំងពីរ ជាដៃគូសហការដ៏ល្អក្នុងការផ្តល់សេវាកម្មឲ្យគ្នាទៅវិញទៅមក ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដូចជា ការទូទាត់តាមបែបឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ទៅក្នុងប័ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់វិក័យបត្ររបស់ស្ថានីយប្រេងឥន្ធនៈតូតាល់ លក់ដុំ និងលក់រាយទាំងអស់ នៅតាមបញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់តាមរយៈអេស៊ី ស៊ូភើអេប និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដា អ៊ីនធើណែត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ក៏បានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនតូតាល់ដូចជា ការចាក់ប្រេងឥន្ធនៈ សេវាជួសជុល និងថែទាំរថយន្តជាដើម។

លោកស្រី សុខ សោភា បានបន្ដថា ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នាកន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើកទី២នាពេលនេះ ដើម្បីផ្តល់នូវផ្តល់ជម្រើសហិរញ្ញប្បទានគ្រប់ប្រភេទជូនដល់អតិថិជន សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាពបន្ថែមទៀត។ ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ អេនើជី ម៉ាឃីធីង (ខេមបូឌា) ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន៖ ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រ) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។

បន្ថែមពីនេះ លោកស្រី សុខ សោភា បានបន្ដទៀតថា៖ «តាមរយៈនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងមធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងសាធារណជន។ នេះជាការប្តេជ្ញាចិត្តក្នុងការសហការគ្នារវាងស្ថាប័នយើងទាំងពីរ ក្នុងការលើកកម្ពស់ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយតម្លាភាព និងនវានុវត្តន៍ដែលជាចលករក្នុងការជំរុញកំណើនរីកលូតលាស់ ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ទាំងមូល»។

ជាមួយគ្នានេះ លោកស្រី Dinah KUMAR អគ្គនាយិកាក្រុមហ៊ុន តូតាល់អេនើជី ម៉ាឃីធីង (ខេមបូឌា) ឯ.ក បានបន្ថែមថា តូតាល់ ជាក្រុមហ៊ុនលំដាប់ពិភពលោក ហើយជាផ្នែកមួយនៃគោលដៅជាសកល ដើម្បីកាត់បន្ថយកាបូន នាឆ្នាំ២០៥០ តូតាល់ ពិតជាមានបំណងពង្រីកថែមទៀត។ ឥលូវនេះ តូតាល់ មានទីតាំងសម្រាប់សាកថ្មរថយន្តអគ្គិសនីមួយចំនួន ហើយកំពុងសហការជាមួយក្រសួងសាធារណៈការ ដើម្បីពិនិត្យលទ្ធភាពបន្ថែមទៀត។

លោកស្រី Dinah KUMAR បានបញ្ជាក់ថា ទំនាក់ទំនងរវាងអេស៊ីលីដា និងតូតាល់មានជាយូមកហើយ។ ចំណុចគន្លឹះនោះ គឺដៃគូទាំងអស់អាចសហការគ្នាក្នុងរយៈពេលវែង ដោយតូតាល់មានគោលដៅដូចគ្នាក្នុងការបើកផ្លូវឱ្យដៃគូទាំងជាមួយតូតាល់ និងអេស៊ីលីដា ប្រើប្រាស់សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សំខាន់ជាងនេះទៅទៀត គឺដើម្បីជួយជំរុញសេដ្ឋកិច្ចតែម្តង។

សូមជម្រាបថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៤លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីស៊ូភើអេបសរុបចំនួនជាង ៤,៥៣ លាននាក់៕