(ភ្នំពេញ)៖ ជាលើកដំបូងហើយ សម្រាប់ការចេញចម្រៀងរួមគ្នារវាងតារាចម្រៀង ខេមរៈ សិរីមន្ត និង Tempo Tris ដែលអ្នកគាំទ្រវិស័យចម្រៀង Hip Hop ស្គាល់ថា ជាស្តេចភ្លេង និងជាតារាចម្រៀងរ៉េប ដ៏លេចធ្លោមួយរូបនៅកម្ពុជា ខណៈស្នាដៃនិពន្ធរបស់លោកមួយចំនួន បានល្បីដល់ក្រៅប្រទេស។
តាមរយៈចម្រៀងរួមគ្នាជាលើកដំបូង «Khmer Vibe» តារាចម្រៀងទាំងពីរដួង បានពាំនាំនូវចង្វាក់ថ្មីមួយបែប ដោយកំណត់យកអត្តសញ្ញាណខ្មែរជាគោលនៃបទចម្រៀង ពោលគឺចម្រៀងរ៉េប Hip Hop ផ្សំឡើងដោយការលាយបញ្ចូលគ្នានូវឧបករណ៍ភ្លេងសម័យ និងបុរាណខ្មែរ ឱ្យចេញជាចម្រៀងមួយបទ យ៉ាងពីរោះរណ្តំ។ ជាងនេះទៀតសោត ស្នាដៃចម្រៀងមួយបទនេះ មិនត្រឹមតែត្រូវបានផលិតយ៉ាងពិសេសក្នុងគោលគំនិតរក្សា Vibe បែបខ្មែរប៉ុណ្ណោះទេ តែក៏ជាចម្រៀងតន្ត្រីសម័យរ៉េប Hip Hop មួយបទ ដែលពុំមានពាក្យពេចន៍អសុរោះនោះឡើយ។
ដោយឡែក បើក្រឡេកមើលលើសកម្មភាពនៃវីដេអូចម្រៀងបទថ្មីនេះវិញ គឺកាន់តែគួរឱ្យចាប់អារម្មណ៍ ពិសេសស្ទាយ៍នៃបង្ហាញខ្លួនរបស់តារាចម្រៀងទាំងពីរដួង រួមជាមួយនឹងការរាំ Freestyle របស់តារាៗដទៃផ្សេងទៀត។ ជាមួយនឹងការរួមបញ្ជូលគ្នា នូវចំណុចពិសេសទាំងអស់ខាងលើ អាចសន្និដ្ឋានបានថា ស្នាដៃចម្រៀងរួមគ្នាលើកដំបូងរវាងតារាចម្រៀង ខេមរៈ សិរីមន្ត និងស្តេចភ្លេង Tempo Tris លើកដំបូងនេះ ប្រាកដជាមិនចាញ់ស្នាដៃមុនៗរបស់លោកឡើយ។
គួរឱ្យដឹងដែរថា ស្នាដៃនិពន្ធទំនុកភ្លេង និងចម្រៀងរបស់ Tempo Tris មានបទល្បីៗជាច្រើនរបស់តារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ទទួលបានការចាប់អារម្មណ៍ទាំងក្នុងស្រុក និងក្រៅស្រុកដូចជាបទ ឡានសារ៉ែន, Are you ok?, Lambo Toy សុទ្ធតែជាស្នាដៃរបស់លោកជាអ្នក Compose ទាំងអស់៕