(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីគុនខ្មែរលំដាប់ជួរមុខកម្ពុជា ៤រូប រួមមានកីឡាករ ធន់ រិទ្ធី, ពេជ្រ សម្បត្តិ, រឿង សោភ័ន្ឌ និងកីឡាការិនី អេ យ៉ានុត នឹងត្រូវចេញទៅតតាំងជាមួយកីឡាករ-កីឡាការិនីខ្លាំងៗរបស់អាមេរិក ដើម្បីដណ្ដើមខ្សែក្រវាត់គុនខ្មែរកម្ពុជា-អាមេរិក និងខ្សែក្រវាត់ WCK Kun Khmer នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី១២ ខែមេសា ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅកម្ពុជា។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតគុនខ្មែរអន្ដរជាតិកម្ពុជា-អាមេរិកខាងលើថា ព្រឹត្តិការណ៍នេះ រៀបចំឡើង ដោយមានកិច្ចសហការជាមួយស្ថាប័នប្រដាល់សេរីពិភពលោក(WCK) ដែលជាស្ថាប័នមួយមានអាជ្ញាប័ណ្ណរៀបចំការប្រកួតនៅទឹកដីអាមេរិក ពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា ។ ប៉ុន្ដែលក្ខខណ្ឌរៀបចំការប្រកួតទាំងស្រុង នឹងត្រូវប្រើឈ្មោះ និងច្បាប់គុនខ្មែរ។

ចំពោះបេក្ខភាពអ្នកលេងគុនខ្មែរទាំង ៤រូប មាន ២រូប ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់គុនខ្មែរកម្ពុជា-អាមេរិក គឺមានកីឡាករ រឿង សោភ័ណ្ឌ និងកីឡាការិនី អេ យ៉ានុត ដែលត្រូវប្រកួត ៣ទឹក ។ រីឯកីឡាករ ពេជ្រ សម្បត្តិ និង ធន់ រិទ្ធី នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ WCK Kun Khmer ប្រចាំសហរដ្ឋអាមេរិក ដែលត្រូវប្រកួត ៥ទឹក តែប្រើប្រាស់ច្បាប់គុនខ្មែរដូចគ្នា ពិសេសក៏មានការចូលរួមប្រគំពីក្រុមភ្លេងខ្មែរផ្ទាល់ សម្រាប់ការថ្វាយបង្គំគ្រូ និងអមការប្រកួតទៀតផង។

លោកបន្ដថា «ការផ្សព្វផ្សាយគុនខ្មែរ លើទឹកដីអាមេរិក គឺជារឿងចាំបាច់បំផុតមួយ ដែលគុនខ្មែរយើងត្រូវធ្វើ ដើម្បីឲ្យប្រជាពលរដ្ឋចម្រុះជាតិសាសន៍ដ៏ច្រើន ដែលរស់នៅទីនោះ ក៏ដូចជាផ្សព្វផ្សាយទៅដល់ប្រទេសនានាលើពិភពលោក បានដឹងថា គុនខ្មែរ បានទៅដល់គ្រប់ទិសទីលើពិភពលោក ទោះបីប្រទេសសហគមអឺរ៉ុប អូស្ដ្រាលី ឬសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចនឈានមុខ គឺគុនខ្មែរ អាចចេញទៅផ្សព្វផ្សាយបានគ្រប់ទិសទីតែម្ដង»

មុនឈានដល់ការប្រកួតខាងលើ ប្រតិភូគុនខ្មែរ និងកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសមាជិកសរុប ២០រូប ដឹកនាំផ្ទាល់ដោយលោក ខូវ ឆាយ ក៏នឹងត្រៀមចូលរួមកម្មវិធីសង្ក្រាន្ដឆ្នាំថ្មី លើទឹកដីអាមេរិក ពិសេសនៅទីក្រុងឡុងប៊ិច ដែលមានពលរដ្ឋខ្មែរជាង ៣ម៉ឺននាក់រស់នៅ ក៏ដូចជារដ្ឋកាលីហ្វ័រញ៉ា ដែលមានពលរដ្ឋខ្មែររស់នៅជាង ៣០ម៉ឺននាក់ នាថ្ងៃទី៥ ខែមេសា និងត្រៀមចូលរួមកម្មវិធីដង្ហែក្បួនវប្បធម៌ ជាមួយពលរដ្ឋខ្មែរខ្ទង់ម៉ឺននាក់ នៅថ្ងៃទី៦ ខែមេសា ដើម្បីផ្សព្វផ្សាយពីសិល្បៈក្បាច់គុនបុរាណខ្មែរផងដែរ។

ប្រធានសហព័ន្ធដដែលបានបង្ហើបថា នេះគឺជាកម្មវិធីទី១ ដែលសហព័ន្ធបានសហការជាមួយដៃគូ ពិសេសស្ថាប័នអន្ដរជាតិ WCK ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង លើទឹកដីអាមេរិក ។ ប៉ុន្ដែនៅចុងខែឧសភាខាងមុខ នឹងមានកម្មវិធីប្រកួតគុនខ្មែរដ៏ធំម្ដងទៀត នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន ។ លោកបានចាត់ទុកនេះ គឺជាជោគជ័យថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយគុនខ្មែរលើពិភពលោក ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕