(ភ្នំពេញ)៖ នេះគឺជាជំហាននៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់គុនខ្មែរ ដែលវត្តមានសង្វៀនគ្រុឌនឹងលេចរូបរាងនៅលើទឹកដីមហាអំណាចសហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ និងនាំមកជូនដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ហើយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច ម៉ោងនៅអាមេរិក ត្រូវជាថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨ព្រឹក ម៉ោងនៅកម្ពុជា នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា ប្រទេសអាមេរិក។

គ្រុឌត្រូវបានគេទទួលពីការចូលរួមលើកស្ទួយវិស័យកីឡាជាច្រើន ជាពិសេសកីឡាប្រដាល់គុនខ្មែរ ដែលជាសិល្បៈកេរដំណែលពីដូនតាខ្មែរ ហើយការចូលរួមរបស់គ្រុឌ គឺមានរូបភាពទូលំទូលាយដែលក្នុងនោះមានដូចជាការបង្កើតកម្មវិធីប្រដាល់នៅទូទាំងក្នុងប្រទេស និងក្រៅប្រទេស, កម្មវិធីប្រដាល់ថ្នាលគុនខ្មែរ, ការឩបត្ថម្ភគាំទ្រកីឡាករដើម្បីឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរ ព្រមទាំងឩបត្ថម្ភក្លឹបប្រដាល់ដើម្បីបន្តវឌ្ឍនភាព និងបន្តបណ្តុះបណ្តាលកីឡាករ ក៏ដូចជាឩបត្ថម្ភអ្នកផ្សព្វផ្សាយគុនខ្មែរផងដែរ។

ក្រោមការដឹកនាំរបស់អ្នកឩកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លោកតែងត្រូវបានគេទទួលស្គាល់ថាជាមនុស្សម្នាក់ដ៏សំខាន់មានចំណែក ធ្វើឲ្យគុនខ្មែររីកចម្រើនដូចសព្វថ្ងៃ ដោយលោកមានឆន្ទៈជួយគុនខ្មែរ ស្រឡាញ់គុនខ្មែរ និងមានទិសដៅច្បាស់លាស់ ព្រមទាំងបំផុសចលនាគាំទ្រគុនខ្មែរឱ្យកាន់តែទូលំទូលាយទាំងនៅក្នុងស្រុក និងអន្តរជាតិ។

នេះមិនមែនជាលើកទីមួយទេ ដែលគ្រុឌចេញដំណើរទៅផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ហើយដំណើរទៅសហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏មោះមុត និងក្លាហានបំផុតមួយរបស់គ្រុឌ ព្រោះវាមិនមែនជារឿងងាយស្រួលក្នុងការនាំយកកីឡាករ និងប្រតិភូជាច្រើននាក់ទៅដល់ទឹកដីដែលគ្រប់គ្នាតែងប្រាថ្នាចង់ទៅ ហើយនេះក៏ជាការត្រួសត្រាយផ្លូវឱ្យកីឡាករយើងបង្ហាញខ្លួនលើឆាកអន្តរជាតិកាន់តែធំ និងឈាងចាប់ក្តីស្រមៃរបស់ខ្លួនផងដែរ៕

គាំទ្រគុនខ្មែរជាមួយគ្រុឌ!