(ម៉ាឌ្រីដ)៖ Real Madrid បានឡើងទៅឈរចាំមុនសម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey 2024-25 ក្រោយផ្តួលគូប្រជែង Real Sociedad ដោយលទ្ធផល ៥-៤ សរុបទាំង ២ជើងនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក។

នេះមានន័យថា ក្រុមយក្សអេស្ប៉ាញមួយនេះបាន បានកំពុងស្ថិតលើផ្លូវធ្វើដំណើរឆ្ពោះទៅលើកពានដល់ទៅ៣ នារដូវកាលនេះរួមមាន Copa del Rey, La Liga និង UEFA Champions League ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ លើកលែងតែពានលំដាប់ទី២ អេស្ប៉ាញ។

Antonio Rudiger ជាអ្នកតែតបញ្ចូលទីនៅនាទី១១៥ ក្នុងម៉ោងថែម ១៥នាទី ២ដង ដើម្បីតាមស្មើ ៤-៤ សម្រាប់ជើងទី២ ក្នុងកីឡដ្ឋានរបស់ខ្លួន Santiago Bernebeu បន្ថែមលើ ១ទល់នឹង០ ផងដែរកាលពីជើងទី១ នៅទឹកដី Sociedad។

ខ្សែការពារអន្តរជាតិអាល្លឺម៉ង់រូបនេះបន្តធ្វើបានល្អទៀត បន្ទាប់ពី Rudiger ក៏ជាអ្នកទាត់បាល់ប៉េណាល់ទីគ្រាប់ជ័យជម្នះឱ្យអធិរាជស Real Madrid ដើម្បីទម្លាក់គូប្រជែង Atletico Madrid ចេញពី Champions League ត្រឹមវគ្គ ១៦ក្រុមផងដែរ។

ក្រុមរបស់លោក Carlo Ancelotti ត្រូវរង់ចាំរវាងក្រុមឈ្នះ FC Barcelona ឬក៏ Atletico Madrid ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅនារាត្រីថ្ងៃពុធនេះ ស្របពេលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤-៤ កាលជើងទី១៕