(ម៉ាឌ្រីដ)៖ កីឡាករក្លិប Real Madrid ចំនួន ៤នាក់ដែលជាប់បម្រាមរបស់ UEFA នៅតែអាចលេងបាន ពេលប៉ះកាំភ្លើងធំ Arsenal ក្នុងកម្មវិធីពានរង្វាន់អឺរ៉ុប UEFA Champions League 2024-25 វគ្គ ៨ក្រុមចុងក្រោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយតាមរយៈដកស្រង់សេចក្តីថ្លែងការណ៍ពីសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA កាលពីថ្ងៃសុក្រម្សិលមិញថា គ្មានសកម្មភាពណាមួយដែលប្រឆាំងទៅនឹងខ្សែប្រយុទ្ធស្លាបប្រេស៊ីល Vinicius វ័យ ២៤ឆ្នាំរបស់ Real ឡើយ ស្របពេលមិត្តរួមក្រុម ៣រូបផ្សេងទៀត ត្រូវបានរកឃើញមានការជាប់ពាក់ព័ន្ធធ្វើខុសទៅនឹងក្រមសីលធម៌។
ខ្សែប្រយុទ្ធបារាំង Mbappe វ័យ ២៦ឆ្នាំ រួមទាំងខ្សែការពារ Rudiger វ័យ ៣២ឆ្នាំរបស់អាល្លឺម៉ង់ ត្រូវបាន UEFA ដកបញ្ឈរជើង ១ប្រកួតដូចគ្នា និងពិន័យ ៣០០០០អឺរ៉ូ និង ៤០០០០អឺរ៉ូថែមទៀតផង ស្របពេល Ceballos វ័យ ២៨ឆ្នាំ រងពិន័យតែ ២០០០០អឺរ៉ូប៉ុណ្ណោះ។
សូមរំលឹកផងថា UEFA បានបើកស៊ើបអង្កេតទៅលើសកម្មភាពរបស់ Antonio Rudiger ដែលបានធ្វើកាយវិការបែបចាក់ក ក្នុងន័យឌឺដងដល់អ្នកគាំទ្ររបស់ Atletico Madrid ដែលពួកគេបានទម្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ១៦ក្រុមដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ដោយមានការចូលរួមធ្វើត្រាប់តាមពី Mbappe, Vinicius Jr និង Dani Ceballos ថែមទៀតផង។
ក្រុមការពារតំណែងជើងឯក Real ត្រូវប៉ះ Arsenal ជើងទី១ នៅថ្ងៃទី០៨ ខែមេសា នៅកីឡដ្ឋាន Emirates មុនពេលលេងបញ្ចប់ជើងទី២ វគ្គ ៨ក្រុមនៅប្រទេសអេស្ប៉ាញវិញ នាថ្ងៃទី១៦ នៃខែដដែល ឆ្នាំ២០២៥៕