(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួន ដើម្បីអបអរសាទរ និងលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង រហូតដណ្ដើមបានមេដាយជូនជាតិនាពេលកន្លងមក។
ប្រធានសហព័ន្ធខាងលើ បានគូសបញ្ជាក់ថា ការជួបជុំគ្នានេះ គឺដើម្បីជាការលើកទឹកចិត្ត និងគាំទ្រផ្ដល់ភាពសប្បាយរីករាយជូនដល់កីឡាករ-កីឡាការីនីវ៉ូវីណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការហ្វឹកហាត់យ៉ាងសកម្មភាពមុនចេញទៅចូលរួមប្រកួតកម្រិតអន្តរជាតិម្តងៗ ដោយមិនគិតពីការនឿយហត់ ជាមួយការតស៊ូអត់ពីកម្លាំងកាយចិត្ត រហូតទទួលបានមេដាយជូនជាតិ ពិសេសសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៤ កន្លងទៅ។
ឆ្លៀតឱកាសនោះ លោកក៏បានថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិបន្តមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ ក្រោមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យកីឡា សំដៅកសាងធនធានមនុស្សឲ្យមាន សុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ ដែលបង្កលក្ខណៈងាយស្រួល និងជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់សហព័ន្ធជាតិ ក្នុងការជំរុញការអភិវឌ្ឍ និងចូលរួមប្រកួតប្រជែង ហើយបានលើកមុខមាត់ និងកិត្តិយសជាតិ តាមរយៈការខំប្រឹងរបស់កីឡាករ-កីឡាការិនី ក្នុងការដណ្ដើមបានមេដាយគ្រប់កម្រិត និងគ្រប់ព្រឹត្តិការណ៍លើឆាកអន្ដរជាតិនានា។
បន្ថែមលើនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខ លោកក៏បានជូនពរថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មចូលរួមព្រឹត្តិការណ៍កីឡានានា ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិនាពេលខាងមុខផងដែរ៕