(ភ្នំពេញ)៖ កាលពីសប្តាហ៍កន្លងទៅ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលើប្រធានបទស្ដីពី «អត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបានក្រោយបញ្ចប់កិច្ចសន្យាការងារដែលមានថិរវេលាកំណត់» រួចមកហើយ ។ ដូច្នេះសប្តាហ៍នេះ យើងនឹងបង្ហាញបន្ថែមលើប្រធានបទ «អត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបានក្រោយរំលាយកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់» ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត វិញម្តង ។

ក្រោយពេលរំលាយកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ តើកម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ហើយត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

ដើម្បីឱ្យយល់កាន់តែច្បាស់ យើងគប្បីយល់អំពី «កិច្ចសន្យាការងារមានថិរវេលាមិនកំណត់» ជាមុនសិន ដោយកិច្ចសន្យានេះ សំដៅលើកិច្ចសន្យាការងារមួយប្រភេទដែលមិនកំណត់រយៈពេលសុពលនៃកិច្ចសន្យា ហើយភាគីម្ខាងនៃកិច្ចសន្យា អាចបង្ហាញឆន្ទៈរំលាយកិច្ចសន្យាបានតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ តាមរយៈពេលដែលច្បាប់បានកំណត់ ។

ជាមួយគ្នានេះ ក្រោយពេលរំលាយកិច្ចសន្យាការងារ កម្មករនិយោជិតត្រូវទទួលបានអត្ថប្រយោជន៍នានា តាមប្រភេទ លក្ខខណ្ឌ និងរយៈពេលនៃកិច្ចសន្យាការងារ ដូចខាងក្រោម៖

១​៖ ករណីការរំលាយតាមឆន្ទៈរបស់និយោជក ដោយកម្មករនិយោជិតមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ

១.១៖ ករណីនិយោជកបង្ហាញឆន្ទៈរំលាយកិច្ចសន្យាការងារ ដោយមូលហេតុកម្មករនិយោជិតមិនបានប្រព្រឹត្តកំហុសធ្ងន់នោះ អាចធ្វើការរំលាយបានស្របតាមការព្រមព្រៀងជាលាយលក្ខណ៍អក្សររបស់គូភាគី ។ ប៉ុន្ដែ ករណីគូភាគីមិនបានធ្វើការព្រមព្រៀងលើចំណុចរំលាយកិច្ចសន្យាទេ នោះត្រូវគោរពលក្ខខណ្ឌជូនដំណឹងស្របតាមមាត្រា ៧៥ នៃ ច្បាប់ស្ដីពី ការងារ ដូចខាងក្រោម៖
* ត្រូវជូនដំណឹងមុន ៧ថ្ងៃ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសតិចជាង ៦ខែ
* ត្រូវជូនដំណឹងមុន ១៥ថ្ងៃ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសពី ៦ខែ ដល់ ២ឆ្នាំ
* ត្រូវជូនដំណឹងមុន ១ខែ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសពី ២ឆ្នាំ ដល់ ៥ឆ្នាំ
* ត្រូវជូនដំណឹងមុន ២ខែ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ
* ត្រូវជូនដំណឹងមុន ៣ខែ ប្រសិនបើកម្មករនិយោជិតធ្វើការជាប់លាប់ក្នុងសហគ្រាសលើសពី ១០ឆ្នាំ ។

១.២ ចំពោះ អត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបាន មានដូចខាងក្រោម៖
* ប្រាក់ឈ្នួលដែលមិនទាន់បានបើក (មាត្រា១១៦)
* ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)
* ប្រាក់បំណាច់ជួសការជូនដំណឹងមុន (ស្មើប្រាក់ឈ្នួល) ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនត្រឹមត្រូវតាមច្បាប់ស្តីពី ការងារ (មាត្រា៧៥ និងមាត្រា៧៧)
* ប្រាក់បំណាច់អតីតភាពការងារក្នុងឆមាសណាមួយ ដែលកម្មករនិយោជិតត្រូវបានបញ្ឈប់ ហើយនិយោជក មិនទាន់បានបើកជូន (មាត្រា៨៩ថ្មី)
* សោហ៊ុយជំងឺចិត្ត កម្មករនិយោជិតអាចទាមទារប្រាក់បំណាច់ផ្តាច់មួយដែលមានចំនួនស្មើនឹង ប្រាក់បំណាច់អតីតភាពការងារដែលបាន និងទទួលក្នុងកំឡុងពេលនៃកិច្ចសន្យាការងារ (មាត្រា ៩១ថ្មី)
* ចេញវិញ្ញាបនបត្របញ្ជាក់ការងារដល់កម្មករនិយោជិត ករណីមិនចេញ នោះកម្មករនិយោជិតអាចទាមទារសំណងជម្ងឺចិត្តបាន (មាត្រា ៩៣)

២៖ ករណីការរំលាយតាមឆន្ទៈរបស់និយោជក ដោយកម្មករនិយោជិតបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ

២.១ ករណីកម្មករនិយោជិតបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ នោះនិយោជកអាចបង្ហាញឆន្ទៈរំលាយកិច្ចសន្យាការងារ បានភ្លាមៗដោយឯកតោភាគី (មាត្រា៧៤ វក្យខណ្ឌទី១) និងមិនតម្រូវធ្វើការជូនដំណឹងជាមុនដល់កម្មករនិយោជិតឡើយ (មាត្រា៨២ ចំណុចទី២) ។

២.២ ចំពោះអត្ថប្រយោជន៍ដែលកម្មករនិយោជិតត្រូវទទួលបាន មានដូចជា ប្រាក់ឈ្នួលដែលមិនទាន់បានបើក (ប្រាក់ឈ្នួលសម្រាប់ខែចុងក្រោយ) (មាត្រា១១៦) និងប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧) ។

រាល់ការទូទាត់អត្ថប្រយោជន៍នានា ដល់កម្មករនិយោជិត និយោជកត្រូវធ្វើការទូទាត់ក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីថ្ងៃឈប់ធ្វើការរបស់កម្មករនិយោជិត ។ (មាត្រា ១១៦ កថាខណ្ឌទី៥) យោង៖ ច្បាប់ស្ដីពី ការងារ និង សេចក្ដីជូនដំណឹង ស្ដីពី អត្ថប្រយោជន៍ដែលត្រូវទទួលបានក្រោយរំលាយកិច្ចសន្យាការងារ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងច្បាប់ស្ដីពី ការងារ ។

ជារួមក្រោយរំលាយកិច្ចសន្យាការងារដែលមានថិរវេលាមិនកំណត់ កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍នានា ដូចមានកំណត់ខាងលើ ស្របតាមប្រភេទ លក្ខខណ្ឌ និងរយៈពេលនៃកិច្ចសន្យាការងាររបស់ខ្លួន លើកលែងតែកម្មករនិយោជិតនោះបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលមានចែងក្នុងច្បាប់ស្ដីពីការងារ និងបទបញ្ជាផ្ទៃក្នុងដែលមានចែងក្នុងសហគ្រាសផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រៅពីច្បាប់ស្ដីពីការងារ និងអនុក្រឹត្យ ដែលបានចែងពីអត្ថប្រយោជន៍នានាដែលកម្មករនិយោជិតត្រូវទទួលបាន ក៏មានសេចក្ដីជូនដំណឹង រួមទាំងសេចក្ដីណែនាំផ្សេងៗទៀត ដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំអំពីការអនុវត្ត និងការផ្ដល់ជូនអត្ថប្រយោជន៍ដល់កម្មករនិយោជិត រួមទាំងករណីដែលមិនទទួលបានអត្ថប្រយោជន៍ផងដែរ ហើយសេចក្ដីជូនដំណឹង ឬសេចក្ដីណែនាំទាំងនោះ អាចនឹងមានការប្រែប្រួលនៅពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ឬណែនាំថ្មី ។ ដូចនេះ គប្បីធ្វើការតាមដានជាប្រចាំ អំពីការជូនដំណឹងនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ថន រ៉ាវ៉ាឌី សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល [email protected] គេហទំព័រ www.cicfirm.com ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕