(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ជាចលករមួយដ៏សំខាន់ ក្នុងការពាំនាំនូវវិស័យឯកជនចូលរួមជំរុញ និងគាំទ្រដល់វិស័យកីឡាជាតិ ពិសេសសកម្មភាពកីឡាប្រដាល់គុនខ្មែរតែម្ដង។
នេះបើតាមការលើកឡើងរបស់លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងពិធីប្រកាសបង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ Greet Kun Khmer Best Fight នៅលើសង្វៀន CTN នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះ ជាមួយការប្រកួតមិត្តភាពអន្ដរជាតិចំនួន ៥គូ រវាងកីឡាករកម្ពុជា ជាមួយអ្នកលេងឆ្លងដែនមកពីថៃ កាមេរ៉ូន និងអ៊ូបេគីស្ថាន។
អនុប្រធានសហព័ន្ធដដែលបន្ដថា ភាពរីកចម្រើន និងសកម្មភាពដ៏ផុលផុសរបស់កីឡាប្រដាល់គុនខ្មែរបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់ពីការរួមចំណែកពីវិស័យឯកជន ហើយក្រុមហ៊ុនឯកជន អាចចូលរួមឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពទាំងអស់ ក៏អាស្រ័យមានដំណើរការល្អ ដែលបង្ហាញឲ្យឃើញនូវភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបានដំណើរចរស្របគ្នា។
លោក ម៉ិល កាដូ បន្ដថា «ការរីកចម្រើននៃសេដ្ឋកិច្ចនេះ គឺបានពាំនាំ ជំរុញ គាំទ្រដល់វិស័យកីឡាជាតិ ពិសេសបានគាំទ្រដល់សកម្មភាពកីឡាគុនខ្មែរ ជាក់ថ្ងៃស្អែកនេះក្រុមហ៊ុនឆេមពានបានពាំនាំនូវផលិតផលថ្មី ដើម្បីរៀបចំការប្រកួតនៅ CBS ដែលជាការរួមចំណែកលើកម្ពស់ និងផ្សព្វផ្សាយសកម្មភាពគុនខ្មែរទៅលើឆាកអន្ដរជាតិ ក៏ដូចជាផ្ដល់ឱកាសការងារដល់កីឡាករ-កីឡាការិនីរបស់យើង ឲ្យគាត់មានស្មារតីខិតខំហ្វឹកហាត់ ដើម្បីចូលរួមការប្រកួតនេះផងដែរ»។
សម្រាប់លទ្ធផលបើកទំព័រសង្វៀនថ្មីខាងលើ រួមមាន៖ កីឡាករ ធន់ សាក់ស៊ីន បានយកឈ្នះកីឡាករថៃ សូរៈឆ័យ ស.ប្រាក់សុកឈោគ ដោយពិន្ទុ, កីឡាករ អ៊ូច ធារិទ្ធ ផ្ដួលកីឡាករថៃ ភុងសិរិ ស.ថ្លើមជីត ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ។ កីឡាករ រិទ្ធី ភូលូ យកឈ្នះកីឡាករកាមេរ៉ូន MBANG HEN ERIC ដោយពិន្ទុ ។ កីឡាករ ឡុង សុភី បានត្រឹមស្មើកីឡាករអ៊ូបេគីស្ថាន AKOBIR GADOEV ដោយពិន្ទុ គ្រាដែលគូឯក កីឡាករ ឃឹម បូរ៉ា ផ្ដួលកីឡាករថៃ ទីតូ ហយវ៉ានភុតឆាណា ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១៕