(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា នៅថ្ងៃទី៦ ខែមេសានេះ បានបន្ដរៀបចំការប្រកួតកីឡាចំបាប់យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៥ នៅសាលដំបូលទូកប៊ូហ៉ុង ក្នុងបរិវេណពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានកំណើនយុវជនមកពីបណ្ដារាជធានី-ខេត្ដចូលរួមយ៉ាងច្រើន បើធៀបកាលពីឆ្នាំមុន។
អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានឲ្យដឹងថា នេះជាលើកទី២ ហើយ ដែលសហព័ន្ធ បានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេង ដែលជាសិស្សតាមបណ្ដាសមាគម/ក្លិបគ្រប់រាជធានី-ខេត្ត បានចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ។
សមាជិកសហព័ន្ធដដែលបន្ដថា «ទិសដៅនៃការប្រកួតនេះ គឺសហព័ន្ធចង់ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់កីឡាចំបាប់វ័យក្មេង ដែលគាត់មានទេពកោសល្យ ក្នុងការចាប់អាជីពកីឡាចំបាប់ ដើម្បីទទួលបានសុខភាពល្អផង រាង្គកាយមាំមួនផង ពិសេសចូលរួមផ្សព្វផ្សាយកីឡាចំបាប់ ស្របតាមគោលដៅដ៏សំខាន់របស់សហព័ន្ធ ដែលចង់ពង្រីកកីឡាចំបាប់ឲ្យទូលំទូលាយ គ្រប់រាជធានី-ខេត្ត ស្គាល់ និងដឹងពីប្រភេទកីឡាប្រពៃណីជាតិមួយនេះ» ។
ក្នុងនាមមន្ដ្រីជំនាញ អ្នកស្រីបានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលការប្រកួតយុវជនថ្នាលថ្នាក់ជាតិឆ្នាំនេះ មានការចូលរួមយ៉ាងផុសផុល ពោលគឺមានកីឡាករ-កីឡាការិនីរហូតដល់ ១៧៩នាក់ មកពី ១៧សមាគម/ក្លិប ដែលប្រកួតលើ ១១វិញ្ញាសា ជាមួយប្រភេទអាយុ ចន្លោះពី ៨ឆ្នាំ រហូតដល់អាយុ ១៧ឆ្នាំ ។ តាមរយៈការប្រកួតនេះ សហព័ន្ធក៏រំពឹងនឹងសម្រិតសម្រាំងបានធនធានថ្នាលឆ្នើមៗ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ ៕