(មេនឆេស្ទើ)៖ Manchester City ក្រុមការពារតំណែងជើងឯក Premier League បានខកខានឱកាស ក្នុងការឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងលីគអង់គ្លេសវិញ ដែលជាតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League នៅពេលបញ្ចប់ត្រឹមលទ្ធផល ០-០ ទល់នឹង Manchester United។

ការយកបានតែ ១ពិន្ទុចេញពីកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃអាទិត្យ បានធ្វើឱ្យក្រុមមេឃខៀវបន្តឈរនៅលេខរៀងទី៥ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្នដដែល ដោយមាន ៥២ពិន្ទុ ចាញ់ក្រុមប្រៀបក្រុមលេខ៤ តោខៀវ Chelsea ១ពិន្ទុ ក្រោយឆ្លងកាត់បាន ៣១ប្រកួត ស្របពេលបិសាចក្រហម ឈរលេខ១៣ មាន ៣៨ពិន្ទុ។

នេះមានន័យថា Man City លេងមិនឈ្នះ Man Utd ពីការជួបគ្នា ២ជើងក្នុងលីគនារដូវកាលនេះ បន្ទាប់ពីចាញ់ ២-១ កាលពីជើងទី១ ក្នុងកីឡដ្ឋាន Etihad របស់ខ្លួន ដែលនៅសល់តែ ៧ប្រកួតទៀត មុនពេលបិទរដូវ ២០២៤-២៥ ដ៏ពេញលេញ។

ក្នុងប្រកួតដែលបញ្ចប់ទៅដោយគ្មានគ្រាប់បាល់នោះដែរ ប្រធានក្រុម Kevin de Bruyne ក៏បានលេងពេញម៉ោង ៩០នាទី ពីការបង្ហាញខ្លួនលើកទី២២ នៃជំនួប Derby មុនពេលចាកចេញពី Man City នៅពេលចប់កិច្ចសន្យា ១០ឆ្នាំនាបំណាច់រដូវកាលនេះជាមួយមេឃខៀវ៕