(ភ្នំពេញ)៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្រោយការប្រកួតកីឡាចំបាប់យុវជនប្រចាំឆ្នាំ២០២៥ ទទួលបានកុមារ និងយុវជនចូលរួមដ៏ច្រើន ខណៈលោកបានចាត់ទុកកំណើនអ្នកចូលរួមនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់អនាគតធនធានបន្ដវេនដ៏មានសក្ដានុពលត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោកបានឧបត្ថម្ភគាំទ្រជំរុញឲ្យមានការប្រកួតកីឡាចំបាប់កម្រិតយុវជនទូទាំងប្រទេសប្រចាំឆ្នាំ ជាលើកទី២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ដោយមានកីឡាករ-កីឡាការិនីជិត ២០០នាក់ មកពី ១៧សមាគម/ក្លិបទូទាំងប្រទេសចូលរួម នៅសាលដំបូលទូកប៊ូហ៉ុង ក្នុងបរិវេណពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដែលបានចូលរួមដោយទឹកមុខសប្បាយរីករាយ ជាមួយមោទនភាព និងការរឹតចំណងមិត្តភាព សាមគ្គីភាពទៀតផង។
លោកបន្ដថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលឃើញកំណើនក្មេងៗលេងកីឡាចំបាប់ ដោយពួកគាត់មានមោទនភាព មានជំនឿចិត្តលើខ្លួនឯង ក៏ដូចជាបង្កើតនូវមិត្តភ័ក្ដ្រថ្មីៗ ហើយមកពីបណ្ដាខេត្តនានា ។ នេះគឺជាចំណុចសំខាន់ សម្រាប់ការអភិវឌ្ឍកីឡា បើយើងអភិវឌ្ឍន៍កីឡាសម្រាប់កម្រិតអន្ដរជាតិ យើងត្រូវចាប់ផ្ដើមពីក្មេង ឲ្យក្មេងៗគាត់សប្បាយចិត្តជាមួយការហ្វឹកហាត់ និងមានមោទនភាពជាមួយការប្រកួត ដែលនឹងជំរុញឲ្យពួកគាត់កាន់តែខំប្រឹងហ្វឹកហាត់»។
អនុប្រធានសហព័ន្ធដដែលបន្ដថា «ការប្រកួតនេះ ផ្ដោតសំខាន់ចង់ឲ្យក្មេងៗបានចូលរួមលេង និងប្រកួតលក្ខណៈកម្សាន្ដសប្បាយ តែឆ្លៀតឱកាសនេះ ក៏យើងសម្លឹងឱកាសស្វែងរកធនធានសម្រាប់ត្រៀមឆ្នាំ២០២៩ ដែលកម្ពុជានឹងម្ចាស់ផ្ទះកីឡាយុវជនអាស៊ីផងដែរ ។ អ៊ីចឹងតាមរយៈការរៀបចំ និងសន្ទុះនៃការចូលរួមដ៏ច្រើននេះ យើងសង្ឃឹមថា នឹងមានកីឡាករ-កីឡាការិនីមួយចំនួន ដែលចូលរួមការប្រកួតនេះ ពួកគេនឹងក្លាយជាម្ចាស់មេដាយក្នុងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។
ចំពោះលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួតពេញ ១ថ្ងៃ គឺក្លិបព្រះធាតុខេត្តពោធិ៍សាត់ ឈ្នះមេដាយមាសច្រើនជាងគេ ពោលគឺឈ្នះមេដាាយមាស ៣ និងសំរឹទ្ធ ១ សរុប ៤គ្រឿង, ក្លិប Kiri Jiu-Jitsu Wrestling ឈរលេខ២ ឈ្នះមេដាយមាស ២ និងប្រាក់ ២ សរុប ៤គ្រឿង, ក្លិប CamED Wrestling ឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ២ សរុប ៥គ្រឿង។ ចំណែកក្លិបផ្សេងៗទៀត ភាគច្រើនក៏ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ផងដែរ លើកលែងតែសមាគមកីឡាចំបាប់ក្រសួងមហាផ្ទៃ និងក្លិបចំបាប់រិទ្ធីសែនប៉ុណ្ណោះ ដែលពុំទទួលបានមេដាយ៕