(មេនឆេស្ទើ)៖ កីឡាករស្នូកឃ័រ John Higgins បានធ្វើការវាយបកឈ្នះគូប្រជែង Mark Selby ដោយលទ្ធផល ១០-៨ ក្នុងការលើកពាន Tour Championship 2025 ដែលមានទំហំទឹកប្រាក់ប្រមាណ ១៥០,០០០ផោនផងដែរ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមេសាយប់មិញនេះ។
ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រនោះដែរ ជើងខ្លាំងស្កុតឡេន ដែលនឹងឈានចូលវ័យ ៥០ឆ្នាំខែក្រោយ បានវាយបកតាមពីក្រោយ បន្ទាប់ពីគូប្រជែងអង់គ្លេស Selby នាំមុខ ៨-៥ ដែលកីឡាករជើងចាស់រូបនេះ បានបើកការនាំមុខ ៥-១ មកដែរតាំងពីចាប់ផ្តើមដំបូង។
ឆ្លងតាមជ័យជម្នះនេះដែរ John Higgins បានឈ្នះពានកម្រិតដណ្តើមចំណាត់ថ្នាក់ (ranking title) បានចំនួន ៣៣លើកហើយ និងជាពានទី២ ផងដែរសម្រាប់ឆ្នាំ២០២៥ នេះ គិតចាប់តាំងពីដណ្តើមបានពាន World Open កាលខែមីនាកន្លងទៅ។
ជាការកត់សម្គាល់សម្រាប់កម្មវិធី Tour Championship 2025 បានរៀបចំឡើងនៅទីក្រុង Manchester ប្រទេសអង់គ្លេស គឺមានរង្វាន់ជាទឹកប្រាក់ចំនួន ១ម៉ឺនផោនចំពោះអ្នករកបានបំបែកកំណត់ត្រារកបានពិន្ទុខ្ពស់បំផុត ស្របពេលកីឡាករជើងឯករង ទទួលបាន ៦ម៉ឺនផោនផងដែរ៕