(បរទេស)៖ ប្រធានជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន Samsung Electronics បាននិយាយនៅថ្ងៃចន្ទនេះថា អាជីវកម្មទូរទស្សន៍របស់ខ្លួននឹងរងផលប៉ះពាល់តិចតួចប៉ុណ្ណោះពីពន្ធរបស់សហរដ្ឋអាមេរិកបើប្រៀបធៀបទៅនឹងគូប្រជែង ដោយសារតែទូរទស្សន៍របស់ខ្លួនត្រូវបានផលិតជាចម្បងនៅក្នុងប្រទេសម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

យ៉ាងណាមិញ Samsung ដែលជាក្រុមហ៊ុនផលិតទូរទស្សន៍លំដាប់កំពូលរបស់ពិភពលោក និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក Yong Seok-woo ប្រធានផ្នែកអាជីវកម្មអេក្រង់ (Visual Display Business) កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីគ្រប់គ្រងផលប៉ះពាល់នៃការវិវត្តន៍គោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក​ ហើយគ្រោងនឹងបែងចែកផលិតកម្មរបស់ខ្លូនទៅតាមមូលដ្ឋានផលិតកម្មប្រហែល ១០ ជុំវិញពិភពលោក។ ប្រទេសម៉ិកស៊ិក ត្រូវបានគេឱ្យដឹងថាភាគច្រើនគេចផុតពីពន្ធគយសកល ១០% ថ្មីរបស់ Trump និង «ពន្ធទៅវិញទៅមក» (reciprocal tariffs) សម្រាប់ដៃគូពាណិជ្ជកម្មជាច្រើន។

ផ្ទុយទៅវិញ ប្រទេសចិននឹងរងការវាយប្រហារកាន់តែខ្លាំងពីសហរដ្ឋអាមេរិក តាមរយៈការដាក់ពន្ធថ្មី ៣៤% បូករួមនឹងពន្ធចាស់ ២០% ដែលបានដាក់កាលពីដើមឆ្នាំនេះ ដែលនាំឱ្យចំនួនពន្ធឈានដល់ចំនួនសរុប ៥៤% ជាពន្ធដែលខ្ពស់បំផុត។

គួរជម្រាបថា បើទោះបីជារងផលប៉ះពាល់ពីព​ន្ធថ្មីរបស់អាមេរិកក៏ដោយ Samsung នៅតែប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារទូរទស្សន៍ពីក្រុមហ៊ុនចិនដូចជា TCL និង Hisense ខណៈក្រុមហ៊ុនទាំងពីរនេះកំពុងរីកចម្រើនលឿនគួរឱ្យកត់សម្គាល់៕