(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ពិធីសូត្យមន្តនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការ NOCC ទៅតាមគន្លងទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការកោះអញ្ជើញព្រឹទ្ធាចារ្យកីឡាចាស់ៗ ដែលជាអតីតកីឡាករ-កីឡាការិនី ធ្លាប់តស៊ូប្រកួតប្រជែងលើកកិត្តិយសជាតិ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ក៏ដូចជាចលនាអូឡាំពិកជាតិចូលរួមផងដែរ។

ការប្រារព្ធពិធីសូត្រមន្ដតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ស្ថាប័នកីឡាកំពូលរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក និងមហាគ្រួសារកីឡាជាតិទាំងអស់ ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ពិសេសបេសកកម្មចូលរួមប្រកួតលើឆាកអន្ដរជាតិ សូមដណ្ដើមបានមេដាយជូនជាតិកាន់តែច្រើន។

គួរដឹងថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ។ ពិធីតាមបែបសាសនានេះប្រារព្ធឡើង ជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរ ឆ្នាំថ្មី ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតា ឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕