(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៧-១១ ខែមេសា ឆ្នាំ២០២៥ នៅកីឡដ្ឋានស្ដាតចាស់ ដើម្បីលើកកម្ពស់ដល់គុណភាពសមត្ថភាពមន្ត្រីបច្ចេកទេស បម្រើដល់ការប្រកួតនានា ឲ្យកាន់តែល្អប្រសើរ ស្របតាមផែនការរបស់សហព័ន្ធ ដែលដឹកនាំដោយលោក ខូវ ឆាយ ជាប្រធាន។

លោក ម៉ិល កាដូ ប្រធានស្តីទីសហព័ន្ធ បានឲ្យដឹងថា វគ្គនេះត្រូវបានរៀបចំឡើង ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិ ស្របពេលសកម្មភាពកីឡាប្រដាល់គុនខ្មែរ កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ដូច្នេះលោករំពឹងថា វគ្គនេះ នឹងជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍជំនាញកីឡាប្រពៃណីជាតិខ្មែរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកបន្ដថា ការងារគ្រប់គ្រងការប្រកួត ក៏ដូចជាការងារបច្ចេកទេស ពុំមានជារឿងងាយស្រួលប៉ុន្មានទេ តែជាផ្នែកមួយដ៏សំខាន់ ដែលថ្នាក់ដឹកនាំសហព័ន្ធបានយកចិត្តទុកដាក់ ហើយតែងរៀបចំវគ្គជាបន្ដបន្ទាប់ ដើម្បីពង្រឹងសមត្ថភាព ក្នុងន័យដោះស្រាយបាននូវបញ្ហាប្រឈមនានា ដើម្បីជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែដើរទៅមុខទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ការណ៍នេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់សិក្សារៀនសូត្រជាមួយគ្រូឧទ្ទេស ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

យ៉ាងណាមិញ ប្រធានស្ដីទីខាងលើ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគណៈគ្រប់គ្រង អាជ្ញាកណ្តាល ចៅក្រម ដែលខិតខំបំពេញការងារបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមក ដែលធ្វើឲ្យកិត្តិយស កិត្តិសព្ទរបស់វិស័យកីឡាប្រដាល់គុនខ្មែរកាន់តែល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របពេលគ្នានេះ ប្រតិភូកីឡាប្រដាល់គុនខ្មែរ ក្រោមការដឹកនាំដោយលោក ខូវ ឆាយ ប្រធានសហព័ន្ធ កំពុងស្ថិតនៅទឹកដីអាមេរិក ដើម្បីត្រៀមការប្រកួត និងផ្សព្វផ្សាយគុនខ្មែរ នាថ្ងៃទី១២ ខែមេសាខាងមុខ។

សូមបញ្ជាក់ថា វគ្គបំប៉នសមត្ថភាពគណៈវិនិច្ឆ័យគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ រយៈពេល ៥ថ្ងៃខាងលើ គឺមានសិក្ខាកាម ៣០រូបចូលរួម និងបង្រៀនដោយគ្រូឧទ្ទេស ៣រូប គឺមានលោក ម៉ិល កាដូ, លោក ទុយ ប៊ុនហឿន និងលោក អ៊ិន ខេមរិន៕