(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈនៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការថា ខ្លួនបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ស្តីពីការអនុវត្តកម្មវិធីគម្រោង «លុយខ្ញុំស្អាត»។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់គ្រប់គ្រង និងសហការីរបស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារ អេស៊ីលីដា។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានលើកឡើងថា ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ការអនុវត្តកម្មវិធីគម្រោង «លុយខ្ញុំស្អាត»។
លោកបានបន្ដថា អនុស្សរណៈនៃការយោគយល់គ្នារនេះ គឺស្របតាមទស្សនៈ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជនាំមុខ ដែលលោកអ្នកជឿទុកចិត្តបំផុត នៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។
លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ដថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាំងមូលប្រកបដោយនិរន្តរភាព។
បន្ថែមពីនេះ លោកបណ្ឌិតបានបន្ដទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទបទប្បញ្ញត្តិពាក់ព័ន្ធ នៃធនាគារ និងហិរញ្ញវត្ថុ ដែលគោលការណ៍ច្បាប់ឥស្លាម (ច្បាប់សារីអះ) អាចអនុលោមតាមបាន ព្រមទាំងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុកការប្រាក់ RIBA។
ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវមធ្យោបាយហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងសុវត្ថិភាព ទៅតាមគោលការណ៍នៃកម្មវិធីគម្រោង «លុយខ្ញុំស្អាត» ឬ RIBA Clearance (Wealth Purification Program) របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរឥស្លាមអាចដាក់ប្រាក់សន្សំ គម្រោង «លុយខ្ញុំស្អាត» ឬ RIBA ការប្រាក់ត្រូវទទួលបាននឹងបរិច្ចាគដោយស្ម័គ្រចិត្ត នឹងកាត់ចេញដោយស្វ័យប្រវត្តិចូលទៅគណនី CATA ដែលមាននៅធនាគារ អេស៊ីលីដា សម្រាប់កម្មវិធីគម្រោង «លុយខ្ញុំស្អាត» សម្រាប់ប្រើប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា។
ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ បានថ្លែងថា នៅកម្ពុជាមានបងប្អូនខ្មែរឥស្លាម ប្រហែលជាង៨០ម៉ឺននាក់ ក្នុងមាននៅតាមបណ្ដាលប្រទេសជិតខាងរួមមាន៖ ប្រទេសម៉ាឡេស៊ី ថៃ អាមេរិក បារាំង កាណាដា អាឡឺម៉ង់។ អ្វីដែលមានការលំបាកកន្លងមក មានការប្រកាន់ភ្ជាប់នូវច្បាប់របស់ឥស្លាម នៅពេលដែលប្រកាន់ភ្ជាប់នេះហើយ បានធ្វើឱ្យគាត់ធ្វើអ្វីមួយមិនឱ្យខុសអំពីច្បាប់របស់ឥស្លាម។ អីចឹងហើយបានជា សហគមន៍ឥស្លាម ថ្នាក់ដឹកនាំឥស្លាមថា រកមធ្យាបាយអ្វីមួយ ដែលធ្វើឱ្យទទួលបានសេវាដូចជាប្រជាពលរដ្ឋយើងទូទៅ នៅក្នុងប្រទេសកម្ពុជាដែរ។
លោក អូស្មាន ហាស្សាន់ បានថ្លែងបន្ដថា កន្លងទៅមានការស្នើធ្វើយ៉ាងណាឱ្យធានាគារណាមួយ ដែលអាចរក្សាទឹកប្រាក់ស្អាតបាន ព្រោះមិនចង់បានកម្រៃការប្រាក់ ឬក៏អត្ថប្រយោជន៍ផ្សេងៗ យកទៅឡូកឡំជាមួយលុយផ្សេងទេ។ នៅពេលដែលឡូកឡំ មានការខ្វែងជាមួយនឹងច្បាប់របស់ឥស្លាម ហើយក៏បានឯកភាពថា ប្រសិនបើមានខ្មែរឥស្លាម នឹងមកបើកគណនីជាមួយធានាគារ ហើយប្រាក់កម្រៃផ្សេងៗ នឹងឱ្យធានាគារកាត់ជូនទៅសមាគមន៍ ដើម្បីយកទៅបម្រើផលប្រយោជន៍ ដែលត្រឹមត្រូវទៅតាមច្បាប់របស់ឥស្លាម។
សូមជម្រាបដែរថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០.៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨.៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥.៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០.៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤.៥៤ លាននាក់៕