(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ បានជំរុញសិស្សគុនបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតជាបន្ដបន្ទាប់ ដែលសហព័ន្ធមានផែនការរៀបចំជើងឯកថ្នាក់ជាតិចុងឆ្នាំនេះ ក៏ដូចជាការប្រកួតអន្ដរជាតិដ៏ធំ នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
នេះបើតាមការគូសបញ្ជាក់របស់លោក គួច ហុងជៀក ប្រធានស្ដីទីរបស់សហព័ន្ធ ក្នុងពិធីប្រគល់លិខិតបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សគុនរបស់ខ្លួនចំនួន ២០នាក់ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីចុងសប្ដាហ៍កន្លងទៅ។
លោកបន្ដថា កម្មវិធីនេះ គឺជាការវាស់កម្រិតសមត្ថភាពកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហ្វឹកហាត់កន្លងមក ដែលអាចបញ្ជាក់ថា កីឡាករ-កីឡាការិនី មានសមត្ថភាពគ្រប់គ្រាន់អាចឡើងខ្សែក្រវាត់មួយកម្រិតទៀត ហើយក៏បញ្ជាក់ថា អ្នកណាខ្លះ នឹងត្រូវបានជ្រើសរើសចូលរួមការប្រកួតកម្រិតជាតិ និងអន្ដរជាតិផងដែរ ។
តាមរយៈនេះ លោកបានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ មិនថា អ្នកទទួលបានលិខិតបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្រ ឬមិនទាន់ទេ ត្រូវខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពឲ្យកាន់តែមុតស្រួច ដើម្បីត្រៀមចូលរួមការប្រកួតប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតអន្ដរជាតិ នៅឥណ្ឌូណេស៊ី ឆ្នាំ២០២៥ នាពេលខាងមុខ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា សិស្សគុនដែលទទួលបានលិខិតបញ្ជាក់វិញ្ញាបនបត្រ និងសញ្ញាបត្របញ្ជាក់នេះ រួមមានសិស្សគុនទទួលបានលិខិតបញ្ជាក់ខ្សែក្រវាត់បៃតងចំនួន ១០នាក់, វិញ្ញាបនបត្រខ្សែក្រវាត់ពណ៌ត្នោត ៥នាក់ និងខ្សែក្រវាត់ខ្មៅ ១ដាន់ចំនួន ៥នាក់។ តាមរយៈការផ្តល់ជូនកម្រិតខ្សែក្រវាត់តាមកម្រិតនីមួយៗនេះ គឺជាការបង្ហាញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីទាំងអស់ ហើយថ្នាក់ដឹកនាំសហព័ន្ធតែងតែលើកទឹកចិត្ត ជូនដល់ពួកគាត់ ក្នុងគោលដៅរួមគ្នាបន្តដំណើរការអភិវឌ្ឍជំនាញកីឡាហាប់គីដូឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕