(ភ្នំពេញ)៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន LYNK & CO Automotive (Cambodia) បានរៀបចំពិធីចុះកិច្ចព្រមព្រៀងជាផ្លូវការ លើការនាំចូលរថយន្តទំនើបម៉ាក LYNK & CO ចូលមកក្នុងទីផ្សារកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

ក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive (Cambodia) បានថ្លែងថា ការមកដល់នៃរថយន្តម៉ាក LYNK & CO នឹងរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការដឹកជញ្ជូនបៃតង និងនិរន្តរភាព។

អ្នកឧកញ៉ាបានមានប្រសាសន៍ថា «ថ្ងៃនេះជាពេលវេលាដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ក្រុមហ៊ុនរបស់យើងទេ ប៉ុន្តែក៏សម្រាប់ដំណើរឆ្ពោះទៅកាន់បរិស្ថានស្អាត និងអនាគតប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ»។

ទន្ទឹមនឹងនោះលោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជំរុញវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។

ការនាំចូលរថយន្ត Lynk & Co មិនត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈបច្ចេកវិទ្យាទាន់សម័យ ដែលមានការបំភាយឧស្ម័នទាប។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ជាមួយគ្នានេះ លោក ប្រ៊ូស លី (Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO បានចែករំលែកថា កម្ពុជាត្រូវបានជ្រើសរើសដោយសារសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងប្រជាជនវ័យក្មេងដែលបានកំពុងស្វែងយល់ពីបច្ចេកវិទ្យាទំនើប។ លោកបានបញ្ជាក់ទៀតថា «កម្ពុជាមានកំណើនសេដ្ឋកិច្ចជាង ៦,៨% ជាប់គ្នា ៥ឆ្នាំ និងប្រជាជន ៦៥% មានអាយុក្រោម ៣០ឆ្នាំ ដែលជាកម្លាំងចលករសម្រាប់យើង»

រថយន្តម៉ាក LYNK & CO ដែលត្រូវបានណែនាំនៅក្នុងព្រឹត្តិការណ៍នេះរួមមានម៉ូដែល LYNK & CO 06 EM-P ដែលអាចបើកបរបាន ១១៥០ គីឡូម៉ែត្រ និង LYNK & CO 08 EM-P ដែលអាចបើកបរបានសរុប ១,២០០គីឡូម៉ែត្រ។ ម៉ូដែលទាំងនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដោយផ្តោតលើបច្ចេកវិទ្យាទំនើបនិងទាន់សម័យ សុវត្ថិភាព និងតម្លៃសមរម្យ។
លើសពីនេះ ក្រុមហ៊ុនផ្តល់ជូននូវការធានាឈានមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គីសនី ដោយរថយន្តគ្រប់ម៉ូដែលទទួលបានការធានា ៥ ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ និងការធានាសមាសធាតុអគ្គិសនីសំខាន់ៗរយៈពេល ៨ ឆ្នាំ ឬ ១៥០,០០០ គីឡូម៉ែត្រ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន។

LYNK & CO Automotive (Cambodia) បានប្តេជ្ញាចិត្តសហការជាមួយដៃគូក្នុងស្រុក ដើម្បីបង្កើតស្ថានីយ៍សាកថ្មទូទាំងប្រទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី និងបង្កើតឱកាសការងារថ្មីៗដូចជា ការដំឡើង ថែទាំ និងសេវាកម្មជួសជុល។ លើសពីនេះ នៅខែឧសភា ឆ្នាំ២០២៥ ទីតាំងតាំងបង្ហាញរថយន្ត ម៉ាក LYNK & CO ដំបូង នឹងបើកដំណើរការនៅភ្នំពេញ និងគ្រោងពង្រីកទៅខេត្តសៀមរាប និងខេត្តព្រះសីហនុក្នុងរយៈពេល ២ឆ្នាំខាងមុខ។

សូមជម្រាបថា កម្មវិធីនេះបានបញ្ចប់ដោយការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរវាង អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល LYNK & CO Automotive Cambodia និង លោក ប្រ៊ូស លី (Mr. Bruce Lee) ប្រធានតំបន់អាស៊ីអាគ្នេយ៍ ម៉ាក LYNK & CO ក្រោមអធិបតីភាព លោក ពៅ ម៉ាលី រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប ជាសាក្សីកិត្តិយស។

LYNK & CO Automotive (Cambodia) បានសន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីនៃការបើកបរ ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិស្ថានបៃតងនៅកម្ពុជាផងដែរ៕