(ឡុងដ៍)៖ ម្ចាស់ជើងឯក League Cup 2024-25 សារិកាព្រៃ Newcastle United យកបាន ៣ពិន្ទុដោយស្រួលពីម្ចាស់ផ្ទះ Leicester City តាមរយៈជ័យជម្នះ ៣ទល់នឹង០ កាលពីរាត្រីថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីវិលទៅកាន់ចំណាត់ថ្នាក់លេខ៥ តំបន់កៅអីលេងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលក្រោយ។
៣ពិន្ទុចេញពីកីឡដ្ឋាន King Power នៃសប្តាហ៍ទី៣១ ជើងទី២ នោះដែរ បានញាំងឱ្យក្រុមរបស់លោក Eddie Howe រកបាន ៥៣ពិន្ទុ ស្មើជាមួយក្រុមលេខ៤ តោខៀវ Chelsea តំបន់កៅអីស្វ័យប្រវត្តិពានធំ Champions League គ្រាដែលសារិកាព្រៃនៅសល់ ១ប្រកួតក្នុងដៃទៀតផង។
កីឡាករ Jacob Murphy រកបាន ២គ្រាប់ម្នាក់ឯង ត្រឹមចាប់ផ្តើមលេងបានតែ ១១នាទីប៉ុណ្ណោះ ក្រោយពេលរូបគេធ្វើលទ្ធផនេះដែរទល់នឹង Leicester កាលជួបគ្នាជើងទី១ នាអំឡុងខែធ្នូ ឆ្នាំ២០២៤។ មិត្តរួមក្រុម Harvey Barnes ជាអ្នកធ្វើបានគ្រាប់ទី៣ ក្នុងការរុញកញ្ជ្រោងខៀវ អតីតជើងឯកលីគអង់គ្លេស ឆ្នាំ២០១៦ បន្តឈរនៅលេខរៀងទី១៩ ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ១៧ពិន្ទុប៉ុណ្ណោះ។
Leicester ដែលស្ថិតក្រោមការដឹកនាំដោយលោក Ruud van Nistelrooy នឹងរំពឹងគេចចេញពីការបរាជ័យលើកទី១០ ជាប់ៗគ្នា នៅពេលប៉ះម្ចាស់ផ្ទះ Brighton នៅឯកីឡដ្ឋាន Amex នៅ Premier League នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ ខណៈការប្រកាសធ្លាក់ទៅលេងក្របខណ្ឌទី២ វិញ មិនទាន់ធ្វើឡើងនៅឡើយទេ៕