(បរទេស)៖ យុវជនស្នូកឃ័រ Michal Szubarczyk មានក្តីរំពឹងថា ត្រៀមបំបែកកំណត់ត្រារបស់ Ronnie O’Sullivan ក្នុងនាមកីឡាករក្មេងជាងគេ បង្ហាញខ្លួនក្នុងកម្មវិធីពិភពលោក World Snooker Championship 2025។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករសញ្ជាតិប៉ូឡូញ វ័យទើបតែ ១៤ឆ្នាំខាងលើនេះ គឺជាជើងឯកប្រចាំទ្វីបអឺរ៉ុប កម្រិត U16 និង U18 នាអំឡុងខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យរូបគេទទួលបានការអនុគ្រោះចូលរួមលេងជម្រុះ World Snooker Tour (WST) ចំនួន ២រដូវកាលជាប់គ្នា។
ប្រសិនបើ Szubarczyk បានឆ្លងផុតនៃជម្រុះពិតមែន នោះមានន័យថា រូបគេនឹងបំបែកកំណត់ត្រាជើងខ្លាំង O’Sullivan ដែលបានកាត់កាប់អស់ ៣៣ឆ្នាំ ក្នុងនាមកីឡាករក្មេងជាងគេលេងនៅ World Championship 1992 មានវ័យទើបតែ ១៧ឆ្នាំ និង ៥ខែ ដែលបានចាញ់ Alan McManus ក្នុងលទ្ធផល ១០-៧ ក្នុងជុំទី១។
យុវជនរូបនេះត្រូវតែរកឱ្យបានជ័យជម្នះ ៤លើកជាប់គ្នា ដើម្បីទទួលបានកៅអី១ លេងក្នុងជុំចុងក្រោយនៃព្រឹត្តិការណ៍ជើងឯកស្នូកឃ័រ ពិភពលោក World Snooker Championship 2025 ចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ខែឧសភា នៅទីក្រុង Sheffield ប្រទេសអង់គ្លេស៕