(បរទេស)៖ ក្រុមជើងឯកអ៉ីតាលី Inter Milan បានយកឈ្នះម្ចាស់ផ្ទះ Bayern Munich ២-១ ពីការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League 2024-25 ស្របពេល Arsenal បំបាក់ Real Madrid ៣-០ យប់មិញដូចគ្នា។

Inter អតីតជើងឯក UCL ៣សម័យកាល បានយកឈ្នះអតីតជើងឯក ៦សម័យកាល Bayern របស់អាល្លឺម៉ង់ ២-១ ក្នុងយុគសម័យពានអឺរ៉ុបជំនាន់ថ្មីមាន ៣៦ក្រុមរដូវកាលនេះ លើកលែងតែ Arsenal របស់អង់គ្លេសដែលមិនធ្លាប់ឈ្នះជើងឯក បានយកឈ្នះក្រុមអេស្ប៉ាញ Real Madrid ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ ដោយលទ្ធផល ៣ទល់នឹង០ នៅកីឡដ្ឋាន Emirates របស់ខ្លួន។

ឆ្លងតាមលទ្ធផលនេះដែរ ក្រុមរងជើងឯកលីគអាល្លឹម៉ង់ Bundesliga រដូវកាលមុន ត្រូវរកឱ្យបាន ១គ្រាប់ជ័យជាមុន ពេលប៉ះម្ចាស់ផ្ទះ Inter Milan ជើងទី២ នាថ្ងៃទី១៦ ខែមេសា ដើម្បីមានសិទ្ធិប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត នៅពេលដែលអធិរាជស Real Madrid អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេដាច់ ត្រូវការជ័យជម្នះចាប់ពី ៣គ្រាប់ឡើងផងដែរ ក្នុងកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន។

សម្រាប់រាត្រីនេះ Paris Saint Germain ត្រូវស្វាគមន៍ Aston Villa គ្រាដែល FC Barcelona ទទួលក្រុមរងជើងឯក UCL រដូវកាលមុន Borrussia Dortmund ដើម្បីលេងបញ្ចប់ជើងទី១ នៃវគ្គ ៨ក្រុម មុនពេលលេងជើងទី២ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥៕