(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បានកើនឡើងភាគហ៊ុនប្រមាណ ១៥% នៅថ្ងៃពុធសប្តាហ៍នេះ ដែលជាការកត់សម្គាល់ពីប្រតិបត្តិការប្រចាំថ្ងៃដ៏ល្អបំផុតរបស់ពួកគេចាប់តាំងពីខែមករា ឆ្នាំ១៩៩៨។ ការកើនឡើងនេះ បន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានប្រកាសផ្អាករយៈពេល ៩០ ថ្ងៃលើ «ពន្ធទៅវិញទៅមក» ដែលបានគំរាមកំហែងប៉ះពាល់ដល់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសវៀតណាម ឥណ្ឌា និងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ការកើនឡើងភាគហ៊ុននេះរកប្រាក់បានជាង ៤០០ ពាន់លានដុល្លារដល់មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុន Apple ដែលនាំឱ្យតម្លៃក្រុមហ៊ុនកើនជិត ៣ ពាន់ពាន់លានដុល្លារ។ យ៉ាងណាមិញ ការផ្អាកពន្ធនេះត្រូវបានគេមើលឃើញថាបានផ្តល់នូវការធូរស្រាលបណ្តោះអាសន្នសម្រាប់ក្រុមហ៊ុន Apple ដែលស្ថិតក្រោមសម្ពាធដោយសារតែការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម។
គួរជម្រាបថា ផលិតផល hardware របស់ Apple ភាគច្រើនរួមទាំង iPhone ត្រូវបានផលិតនៅក្នុងប្រទេសចិន ប៉ុន្តែមិនត្រូវបានដកចេញពីការផ្អាកពន្ធគយនោះទេ ហើយជំនួសមកវិញឃើញថា ពន្ធកើនឡើងដល់ ១២៥% ឯណោះ។ បើទោះបីជាស្ថានភាពបែបនេះក៏ពិតមែន តែក្រុមហ៊ុនយក្សនេះបានទីផ្សារផ្សេងទៀតមកជួយទប់ការខាតបង់ ខណៈពន្ធលើការនាំចូលពីប្រទេសវៀតណាម និងឥណ្ឌាត្រូវបានកាត់បន្ថយមកត្រឹម ១០% ប៉ុណ្ណោះ៕