(បាសេឡូណា)៖ ក្រុមរងជើងឯក La Liga រដូវកាលមុន FC Barcelona នៅតែបន្តកាន់កាប់កំណត់ត្រាលេង ៣១ប្រកួតក្នុងលីគអេស្ប៉ាញរដូវកាលឆ្នាំ២០២៤-២៥ មិនចាញ់ឡើយ នៅពេលយកបាន ៣ពិន្ទុពីម្ចាស់ផ្ទះ Leganes ក្រោយឈ្នះ ១ទល់នឹង០ យប់មិញនៃសប្តាហ៍ទី៣១ ជើងទី២។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែការពារ Jorge Saenz បានធ្វើឱ្យមានកំហុស តាមរយៈធ្វេសប្រហែសចូលទីខ្លួនឯង ពេលចាប់ផ្តើមលេងវគ្គទី២ ទើបបានតែ ៣នាទីប៉ុណ្ណោះ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្តង នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណតែជាង ១ម៉ឺននាក់ក្នុងកីឡដ្ឋាន Estadio Municipal de Butarque។
Barcelona បានបង្កើនកំណត់ត្រាលេងចំនួន ២៤ប្រកួតគ្រប់កម្មវិធីមិនចាញ់ឡើយ ស្ថិតក្រោមការដឹកនាំរបស់បុរសសញ្ជាតិអាល្លឹម៉ង់ លោក Hansi Flick ក្នុងរដូវកាលដំបូងរបស់លោកនៅទឹកដី Camp Nou តពីលោក Xavi Hernandez ដែលត្រូវបានដកតួនាទី។ ពួកគេក៏បានបន្តដាក់សម្ពាធទៅលើ Leganes ដែលកំពុងប្រឈមទៅនឹងការកាត់ចេញពីលីគរដូវកាលនេះទៀតផង។
៣ពិន្ទុក្រៅដីដ៏លំបាកនេះដែរ បានញាំងឱ្យ Barcelona បន្តនាំមុខក្រុមការពារតំណែងជើងឯក Real Madrid ដាច់ដល់ទៅ ៧ពិន្ទុ ស្របពេលអធិរាជសរបស់លោក Carlo Ancelotti នៅសល់ ១ប្រកួតក្នុងដៃ៕