(ឡុងដ៍)៖ លោក Eddie Howe អ្នកចាត់ការទូទៅក្លិបសារិកាព្រៃ Newcastle United ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរំលងអាធ្រាត្រថ្ងៃសៅរ៍ ដោយសារបញ្ហាសុខភាពមិនអំណោយផលជាច្រើនថ្ងៃមកនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិអង់គ្លេស វ័យ ៤៧ឆ្នាំរូបនេះ នឹងខកខានបញ្ជាកូនក្រុមលើទីលានផងដែរ ពេលប្រកួតទល់នឹងបិសាចក្រហមនៅ Premier League នារាត្រីថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥។
បើយោងតាមសេចចក្តីថ្លែងការណ៍របស់ Newcastle បានបញ្ជាក់ថា «ក្រុមបុគ្គលិកពេទ្យក្លិបបានបញ្ជូន និងតាមដានពីអាការៈរោគរបស់លោក Eddie ក្នុងមន្ទីរពេទ្យនៅឡើយ។ សមាជិកសារិកាព្រៃបានកំពុងទន្ទឹងរង់ចាំលោក Eddie ត្រឡប់មកវិញ និងជូនពរឆាប់ជាសះស្បើយឡើងវិញផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍នោះដដែល មិនបានបញ្ជាក់លំអិតពីបញ្ហាជំងឺរបស់គាត់ និងស្ថានភាពបច្ចុប្បន្ននោះទេ។
Newcastle United ស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់លោក Eddie Howe បានកំពុងឈរនៅលេខរៀងទី៧ ក្នុងតារាងពិន្ទុ Premier League 2024-25 និងបានផ្តួលក្រុមខ្លាំង ហង្សក្រហម Liverpool នៅ Wembley ដើម្បីលើកពាន League Cup រដូវកាលនេះថែមទៀតផង គិតចាប់តាំងពីលោកចូលកាន់តំណែងធំនេះ ជំនួសកៅអីលោក Steve Bruce នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ មក៕