(អាមេរិកខាងជើង)៖ ប្រធានគ្រប់គ្រងបាល់ទាត់តំបន់អាមេរិកខាងជើង CONCACAF លោក Victor Montagliani បានបង្ហាញការប្រឆាំងទៅនឹងសំណើបង្កើនក្រុមដល់ ៦៤ក្រុម នៅព្រឹត្តិការណ៍ FIFA World Cup 2030 ពីតំបន់ CONMEBOL ។
Victor Montagliani បាននិយាយថា ការប្រកួតបាល់ទាត់ពិភពលោកដែលមានក្រុមចំនួន ៦៤ក្រុម នៅឆ្នាំ២០៣០ មិនគួរត្រូវបានពិចារណា ដោយចូលរួមជាមួយសហព័ន្ធមួយចំនួនផ្សេងទៀតក្នុងការប្រឆាំងនឹងផែនការដែលបង្ហាញដោយ CONMEBOL ។
សូមជម្រាបផងថា ប្រធាន CONMEBOL លោក Alejandro Dominguez កាលពីក្នុងខែមេសានេះ បានដាក់ការស្នើជាផ្លូវមួយ ក្នុងការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយនឹងក្រុមបង្កើនឱ្យដល់ ៦៤ក្រុម ដែលកើនឡើងការកំណត់ក្នុងទម្រង់ថ្មី ៤៨ក្រុម ជាមួយនឹងការប្រកួតត្រូវបានរៀបចំដោយប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក។
ក្នុងនោះប្រទេសអាហ្សង់ទីន, ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ូហ្គាយ ត្រូវបានកំណត់រៀបចំបើកឆាកការប្រកួត ក្នុងការគម្រប់ខួប ១០០ឆ្នាំនៃការបង្កើតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គិតចាប់តាំងពីឆ្នាំ១៩៣០ ៕