(បាសេឡូណា)៖ ក្រុមបាល់ទាត់ FC Barcelona និង Paris Saint Germain បានបន្តដំណើរទៅវគ្គ ៤ក្រុមពានរង្វាន់អឺរ៉ុប UEFA Champions League 2024-25 បន្ទាប់ពីទម្លាក់គូប្រជែង Borussia Dortmund និង Aston Villa រៀងៗខ្លួននាយប់មិញនេះ។
ក្រុមមកពីលីគ La Liga នៃប្រទេសអេស្ប៉ាញ Barcelona បានទម្លាក់ក្រុមរងជើងឯករដូវកាលមុន Dortmund ដោយលទ្ធផល ៥-៣ ក្នុងលទ្ធផលទាំង ២ជើង បើទោះបីជាពួកគេបានចាញ់ ៣-១ ក្នុងជើងទី២ យប់មិញនៅទឹកដីអាល្លឺម៉ង់ក៏ដោយ។
នេះមានន័យថា ក្រុមរបស់លោក Hansi Flick ត្រូវរង់ចាំរវាងក្រុមឈ្នះ Inter Milan ឬក៏ Bayern Munich សម្រាប់វគ្គ ៤ក្រុមជាបន្តទៀត ដ្បិតពួកគេសុទ្ធតែធ្លាប់ឈ្នះជើងឯក UCL ចាប់ពី ២ដងឡើងទៅដូចគ្នា។
ចំណែកឯ PSG អតីតជើងឯករង UCL តែ ១លើកគត់កាលឆ្នាំ២០២០ ក៏បានទម្លាក់ក្រុមលេងនៅ Premier League គឺ Aston Villa ត្រឹមវគ្គ ៨ក្រុមដែរ តាមរយៈលទ្ធផលឈ្នះ ៥-៤ ទាំង ២ជើង ទោះបីចាញ់ Aston ៣-២ នាយប់មិញនេះក៏ដោយ។
ក្រុមជើងឯកបារាំងមួយនេះ ត្រូវរង់ចាំជួប Arsenal ឬក៏ក្រុមការពារតំណែងជើងឯក Real Madrid សម្រាប់វគ្គ ៤ក្រុមជាបន្តទៀត ដ្បិតក្រុមជើងឯកអេស្ប៉ាញ Real Madrid បានចាញ់កាំភ្លើងធំ ៣-០ កាលពីជើងទី១ នៅប្រទេសអង់គ្លេស៕