(បរទេស)៖ ប្រធានគោលនយោបាយសាធារណៈរបស់ TikTok ប្រចាំសហរដ្ឋអាមេរិកគឺលោក Michael Beckerman ដែលជាឥស្សរជនសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គ្រោងនឹងចាកចេញពីតួនាទី។ នេះបើតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សំណេររបស់បុគ្គលិក។

យោងតាមប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា លោក Michael Beckerman នឹងផ្លាស់ប្តូរទៅកាន់តំណែងទីប្រឹក្សាជាសាកល​របស់​ TikTok វិញ ប៉ុន្តែគេមិនបានបង្ហើបឱ្យដឹងពីមូលហេតុនៃការផ្លាស់ប្ដូរនេះឡើង ប៉ុន្តែយើងបានដឹងមកហើយថា កាលពីដើមខែនេះ លោកប្រធានាធិបតី Donald Trump បានពន្យាពេលកំណត់សម្រាប់ការលក់ទ្រព្យសម្បត្តិ ឬអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកសម្រាប់រយៈពេល ៧៥ថ្ងៃ ដែលធ្វើឱ្យ ByteDance ដែលជាមេធំរបស់ TikTok ពិបាកក្នុងការសម្រេចចិត្តផងដែរ។

លោក Beckerman បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន TikTok កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងមុខតំណែងជាអនុប្រធាន​ក្រុមហ៊ុន ហើយ​លោកក៏ជាបុរសខ្លាំងម្នាក់សម្រាប់ TikTok ផងដែរ ដោយបានបង្កើតការិយាល័យទំនាក់ទំនងរដ្ឋាភិបាលនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី និង​ជាឥស្សរជនសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕