(អឺរ៉ុប)៖ ការប្រកួតពានដណ្តើមពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2024-25 ពេលនេះបានឈានចូលដល់វគ្គ ៤ក្រុមហើយ ដោយមានការប៉ះគ្នារវាង Arsenal ទល់នឹងក្រុម PSG ខណៈក្រុម FC Barcelona ជួបក្រុម Inter Milan ។

ការឈានដល់វគ្គ ៤ក្រុមរបស់ក្លិបកាំភ្លើងធំ Arsenal គឺបន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯក Real Madrid ដោយលទ្ធផលសរុបទាំងពីរជើង ៥-១ គ្រាដែលក្រុមអេស្ប៉ាញ FC Barcelona ទោះលេងចាញ់ក្នុងជើងទី២នេះ តែសរុបគ្រាប់បាល់ គឺឈ្នះក្រុម Dortmund ៥-៣ ។

ខណៈជើងទី២ របស់ក្រុមមកពីលីគអ៉ឺតាលី Inter Milan បានលេងស្មើជាមួយក្រុម Bayern Munich ២-២ តែក្រុមរបស់លោក Simone Inzaghi សរុបគ្រាប់ចំណេញ ៤-៣ ។

ការយកឈ្នះយ៉ាងអស្ចារ្យ ២-១ ទៅលើក្រុម Real Madrid ក្នុងទឹកដី Bernabeu បានធ្វើឱ្យក្រុមកាំភ្លើងធំ Arsenal ស្គាល់ការឈានទៅវគ្គ ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកទី៣ និងជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០០៦ ជាជើងឯករង ហើយការរកបានលទ្ធផលឈ្នះនៃជើងទី១ ៣-០ ក្លាយកំណត់ត្រាមួយទៅលើក្រុមម្ចាស់តំណែងពាននេះ ១៥សម័យកាលផងដែរ ។

សូមបញ្ជាក់ផងថា ការប្រកួតវគ្គ ៤ក្រុមចុងក្រោយនឹងលេងនៅថ្ងៃទី៣០ ខែមេសានេះ នៃជើងទី១ ហើយជើងទី២ លេងនថ្ងៃទី៧ ខែឧសភា ចាំមើលថា តើក្រុមណាអាចឈានទៅវគ្គផ្តាច់ព្រ័ត្រពាន UEFA Champions League រដូវកាលនេះ? ដោយឃើញថា ក្នុងចំណោម ៤ក្រុមនេះមានតែ Barca ធ្លាប់មានបទពិសោធឈ្នះពាន ៥លើក និងក្រុម Inter Milan បានចំនួន ៣លើកផងដែរ ៕