(បរទេស)៖ TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់របស់ពិភពលោកដែលប្រើក្នុងកម្មវិធីបញ្ញាសិប្បនិមិត្ត AI នោះ ត្រូវបានរាយការណ៍ថា មានការកើនឡើងប្រាក់ចំណេញខ្ពស់ ៥៧% នៅក្នុងត្រីមាសទីមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះទំនងជាប្រឈមនឹងហានិភ័យមួយចំនួន ចំពោះមុខគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។
តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់មួយនេះ ដែលអតិថិជនសុទ្ធសឹងជាក្រុមហ៊ុនកំពូលៗដូចជា Apple និង Nvidia ជាដើមនោះ បានទទួលអត្ថប្រយោជន៍ពីនិន្នាការឆ្ពោះទៅរកការរួមបញ្ចូលមុខងារ AI ទៅក្នុងផលិតផលអនឡាញ។ ប៉ុន្តែក្រុមហ៊ុននេះប្រឈមមុខនឹងការដកពន្ធនាំចូល ដែលចេញដោយលោក Trump និងការរិះគន់របស់លោកចំពោះការគ្រប់គ្រងរបស់តៃវ៉ាន់ចំពោះឧស្សាហកម្មបន្ទះឈីប។ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ១០.៩២ ពាន់លានដុល្លារ សម្រាប់រយៈពេលបីខែដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា។ នេះបើយោងតាម LSEG SmartEstimate ដកស្រង់ពីអ្នកវិភាគចំនួន១៨នាក់ផ្សេងគ្នា។ TSMC បាននឹងកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារលើរោងចក្រថ្មីនៅបរទេស បើទោះបីជាក្រុមហ៊ុនបានអះអាងថា ការផលិតភាគច្រើននឹងនៅតែមាននៅក្នុងតៃវ៉ាន់ក៏ដោយ។ ក្រុមហ៊ុនបានប្រកាសពីផែនការសម្រាប់ការវិនិយោគចំនួន ១០០ពាន់លានដុល្លារអាមេរិកជាមួយលោក Trump នៅសេតវិមានកាលពីខែមុន លើចំនួន ៦៥ពាន់លានដុល្លារដែលបានសន្យាសម្រាប់រោងចក្រចំនួន ៣នៅរដ្ឋអារីហ្សូណា។
គួរជម្រាបថា កាលពីសប្តាហ៍មុនលោក Trump បាននិយាយថា លោកបានប្រាប់ TSMC ថាក្រុមហ៊ុននេះនឹងត្រូវបង់ពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្រនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ រដ្ឋបាល Trump ក៏កំពុងស៊ើបអង្កេតលើការនាំចូលបន្ទះសៀគ្វី រួមជាមួយនឹងឱសថផងដែរ ក្នុងគោលបំណងដាក់ពន្ធលើហេតុផលថា ការពឹងផ្អែកយ៉ាងទូលំទូលាយលើការផលិត semiconductors និងថ្នាំបរទេស គឺជាការគំរាមកំហែងសន្តិសុខជាតិ៕