(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent និង Douyin បានបើកដំណើរការកម្មវិធីដើម្បីជួយអ្នកនាំចេញរបស់ចិនលក់ទំនិញក្នុងស្រុករបស់ពួកគេ ចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកាន់តែកើនឡើង ព្រមទាំងពន្ធខ្ពស់ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
Tencent បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កម្មវិធីរបស់ខ្លួនមានគោលបំណងបង្កើតការលក់ចំនួន ១០០ ពាន់លានយន់ (ប្រហែល ១៣.៧ ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេសចិន ដោយជួយពួកគេបង្កើតប្រតិបត្តិការក្នុងស្រុក ក៏ដូចជាទាញយកទីផ្សារអាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងនេះ Tencent និង Douyin ដែលដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំ គឺជាក្រុមហ៊ុនចិនចុងក្រោយបង្អស់ដើម្បីប្រកាសវិធានការដើម្បីជួយអ្នកនាំចេញរបស់ប្រទេសចិន ដែលត្រូវបានបង្កកចេញពីទីផ្សារសហរដ្ឋអាមេរិក ជាលទ្ធផលនៃពន្ធខ្ពស់ដែលដាក់ដោយរដ្ឋបាល Trump លើទំនិញនាំចូលរបស់ចិនទាំងអស់។ ខណៈការធ្វើបែបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោយសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មចិន រួមជាមួយនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេដូចជា JD.com, Alibaba, Kuaishou និងផ្សេងទៀត ដើម្បីបើកបណ្តាញលក់ក្នុងស្រុកសម្រាប់សហគ្រាសពាណិជ្ជកម្មបរទេស។
គួរជម្រាបថា Douyin គឺជាកម្មវិធីវីដេអូខ្លីៗដូចទៅនឹង TikTok អ៊ីចឹង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ ByteDance តែមួយ ប៉ុន្តែអាចប្រើប្រាស់បានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ខណៈដែល TikTok វិញគឺជាកម្មវិធីអន្តរជាតិដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោក៕