(ភ្នំពេញ)៖ តបតាមការស្នើសុំរបស់លោកគ្រូបង្គោល KIM SANG-SIK តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពក្នុងការបញ្ជូនកីឡាករ ០២នាក់ មានកីឡាករ កាន់ ម៉ូ និង នេតូ រ៉ុនដុន តំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ខាងមុខនេះ។
យោងតាមការចេញប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានបញ្ជាក់ផងថា ការជ្រើសរើសកីឡាករ គឺជាការសម្រេចចិត្តរបស់គ្រូបង្គោលអាស៊ានអលស្តារ (ASEAN All-STARS) លោក Kim Sang-Sik ដែលកម្ពុជាយើងទទួលបានកូតាកីឡាករ ២រូប ចំណែកប្រទេសមួយចំនួនទទួលបានកូតាតែ ១រូបប៉ុណ្ណោះ ។
សូមជម្រាបផងថា កីឡាករ កាន់ ម៉ូ បច្ចុប្បន្នកំពុងលេងជាមួយក្រុមវិសាខា ហើយកីឡាករ នេតូ រ៉ុនដុន ជាសមាជិកក្លិបភ្នំពេញក្រោន ស្ថិតក្នុងលីគកំពូលកម្ពុជា CPL ៕