(បរទេស)៖ ចិន កំពុងដាក់វិធានការហាមឃាត់ក្រុមហ៊ុនផលិតរថយន្តពីការប្រើប្រាស់ពាក្យ «បើកបរឆ្លាតវៃ និង បើកបរដោយស្វ័យប្រវត្តិ» នៅពេលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអំពី មុខងារជំនួយការបើកបរលើរថយន្ត (ADAS)។ វិធានការនេះ បានដាក់ចេញដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន នៅថ្ងៃពុធសប្តាហ៍នេះ នៅក្នុងកិច្ចប្រជុំរបស់ខ្លួនដែលចូលរួមដោយតំណាងក្រុមហ៊ុនរថយន្តចំនួន៦០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
វិធានការនេះទៀតសោត បានកើតឡើងបន្ទាប់ពីមានឧបទ្ទវហេតុធ្ងន់ធ្ងរពាក់ព័ន្ធនឹងរថយន្ត Xiaomi ដែលលក់ដាច់បំផុតប្រភេទ SU7 នៅក្នុងខែមីនា បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពយានយន្ត។ មានការរកឃើញបឋមបានបង្ហាញថា រថយន្ត Xiaomi បានឆេះ បន្ទាប់ពីបុកបង្គោលស៊ីម៉ង់ត៍លើផ្លូវថ្នល់ក្នុងល្បឿន ៩៧គីឡូម៉ែត្រក្នុងមួយម៉ោង និងរកឃើញថាអ្នកបើកបរគ្រប់គ្រងលែងបាន នៅពេលប្រើប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (ADAS) ។ ក្រសួងបានបញ្ជាក់ថា ខ្លួនបានផ្តល់ភាពច្បាស់លាស់ដល់ក្រុមហ៊ុនផលិតរថយន្តអំពីតម្រូវការថ្មី ដែលបានចេញផ្សាយនៅក្នុងខែកុម្ភៈ ដែលពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាទាក់ទងនឹងការបើកបរនៃយានយន្តឆ្លាតវៃ និងការតភ្ជាប់បច្ចេកវិទ្យា។
នៅក្រោមច្បាប់ដែលបានធ្វើបច្ចុប្បន្នភាព ក្រុមហ៊ុនផលិតរថយន្តមិនត្រូវបានអនុញ្ញាតឱ្យសាកល្បង និងកែលម្អប្រព័ន្ធ ADAS របស់ពួកគេតាមរយៈការអាប់ដេត Software សម្រាប់រថយន្តដែលបានប្រគល់ជូនអតិថិជនរួចហើយ ដោយគ្មានការយល់ព្រមនោះទេ។ នេះបើយោងតាមសេចក្តីសម្រេចក្នុងកិច្ចប្រជុំ។ ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តតម្រូវឱ្យធ្វើតេស្ដឱ្យបានគ្រប់គ្រាន់ ដើម្បីផ្ទៀងផ្ទាត់ភាពអាចជឿជាក់បាន និងដើម្បីទទួលបានការយល់ព្រមពីអាជ្ញាធរ មុនពេលចេញផ្សព្វផ្សាយ ឬលក់។ វិធានការនេះកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តកំពុងប្រញាប់ប្រញាល់ចេញលក់រថយន្តម៉ូដែលថ្មីៗដែលបំពាក់ដោយ ADAS ដោយលើកឡើងពីសមត្ថភាព «ការបើកបរឆ្លាតវៃ» ដែលជាចំណុចទាក់ទាញអតិថិជន។
គួរជម្រាបថា និយតករចិនកំពុងរឹតបន្តឹងការត្រួតពិនិត្យលើបច្ចេកវិទ្យារថយន្តអគ្គិសនី ខណៈដែលឧស្សាហកម្មនេះបានកើនឡើងយ៉ាងលឿនជាងការរំពឹងទុក ដោយការលក់រថយន្ត EVs និងរថយន្តកូនកាត់មានចំនួនច្រើនជាងពាក់កណ្តាល នៃការលក់រថយន្តសរុបកាលពីចុងឆ្នាំមុន។ និយតករចិនក៏កំពុងរឹតបន្តឹងបទប្បញ្ញត្តិលើស្តង់ដារថ្ម EV ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃអគ្គីភ័យនិងការផ្ទុះផងដែរ។ អ្នកវិភាគផ្នែកឧស្សាហ៍កម្មនេះ បានព្រមានថា បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងនឹងបង្កើនការចំណាយ និងបន្ថយល្បឿននៃការអភិវឌ្ឍន៍ និងការអនុម័តបច្ចេកវិទ្យា៕