(ភ្នំពេញ)៖ អបអរសាទរ! ក្រុមព្រះខ័នរាជស្វាយរៀង បង្កើតប្រវត្តិសាស្ត្រឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានកម្រិតទី៣ AFC Challenge League 2024-25 ដោយត្រូវតទល់ជាមួយក្រុម FK Arkadag បន្ទាប់ពីយកឈ្នះក្រុម Madura United សរុបលទ្ធផលទាំងពីរជើង ៦-៣ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងលេងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។

រំលឹកផងថា ព្រះខ័នរាជស្វាយរៀង មុនការឈានមកដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ក្រុមនៃលីគកំពូលកម្ពុជាមួយនេះ បានឆ្លងកាត់ការលេងវគ្គចែកពូលនាមជាក្រុមលេខ២ ចេញពីពូល E បន្ទាប់ពីរកបាន ៣ពិន្ទុ ហើយនៅវគ្គ ៨ក្រុមបន្តយកឈ្នះក្រុម Shan United សរុបទាំងពីរជើង ៧-៤ ខណៈជើងទី២ លេងស្មើជាមួយក្រុម Madura United ៣-៣ យ៉ាងស្វិតស្វាញ តែសរុបទាំងពីរជើង ៦-៣ ដោយជើងទី១យកឈ្នះ ៣-០ ៕

ស្ថិតក្នុងការប្រកួតប្រជែងពានរង្វាន់នេះ កាលឆ្នាំ២០១១ ក្រុមលីគកម្ពុជា ភ្នំពេញក្រោន ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រផងដែរ តែបានត្រឹមខកចិត្តដោយលេងចាញ់ក្រុម Taiwan Power Company ៣-២ ដែលពេលនោះស្ថិតនៅឈ្មោះ (AFC President’s Cup) ៕