(បរទេស)៖ Nvidia នៅសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងចំណាយប្រាក់ខ្ទង់ ៥.៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានកំណត់ការនាំចេញបន្ទះឈីបឆ្លាតវៃដែលប្រើប្រាស់ក្នុងវិស័យបញ្ញាសិប្បនិម្មិត H20 ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំក្នុងវិស័យបន្ទះឈីប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

បន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia គឺជាចំណុចសំខាន់នៃការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលការណ៍នានា ដើម្បីរក្សាបន្ទះឈីបទំនើបបំផុតរបស់ខ្លួនមិនឱ្យលក់ទៅប្រទេសចិន ត្បិតសហរដ្ឋអាមេរិកខិតខំបន្តទៅមុខឥតឈប់ឈរក្នុងការប្រណាំងផ្នែកបច្ចេកវិទ្យាក្នុងយុគសម័យ AI ។ Nvidia ក៏បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែមេសា ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជូនដំណឹងនៅថ្ងៃទី០៩ ខែមេសាថា បន្ទះឈីប H20 នឹងតម្រូវឱ្យមានអាជ្ញាប័ណ្ណដើម្បីនាំចេញទៅប្រទេសចិន ហើយនៅថ្ងៃទី១៤ ខែមេសាបានប្រាប់ Nvidia ថា ច្បាប់ទាំងនោះនឹងត្រូវបានអនុវត្តដោយគ្មានកំណត់។ ទោះបីជាយ៉ាងណា គេនៅមិនច្បាស់ទេថាតើអាជ្ញាប័ណ្ណទាំងនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចផ្តល់ឲ្យបានក្នុងកម្រឹតណា។ Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសរឿងនេះទេ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយទេ។

Nvidia បានប្រកាសថា ការផាកពិន័យខ្ទង់ ៥.៥ ពាន់លានដុល្លារ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលិតផល H20 សម្រាប់ការសន្យាទិញ និងទុនបម្រុងដែលពាក់ព័ន្ធ។ ដំណឹងនេះកើតឡើងខណៈដែល Nvidia បាននិយាយកាលពីថ្ងៃចន្ទទី១៤ ខែមេសាថា ខ្លួនគ្រោងនឹងបង្កើតម៉ាស៊ីនមេ AI ដែលមានតម្លៃរហូតដល់ ៥០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដោយមានជំនួយពីដៃគូដូចជា TSMC ស្របពេលមានការលើកទឹកចិត្តពីរដ្ឋបាលលោក Trump សម្រាប់ការផលិតក្នុងស្រុក៕