(សៀមរាប)៖ គ្រប់គ្នាសប្បាយជួបជុំគ្នាថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី ប៉ុន្តែចែម៉ី M Smooth បានលះបង់ណាស់ទោះធ្វើដំណើរផ្លូវឆ្ងាយ ក្រោមកម្តៅថ្ងៃខំធ្វើរឿងល្អមួយ ដោយនាំយកវត្ថុជាអត្តសញ្ញាណជាតិខ្មែរ គឺក្រមាខ្មែរចែកជូនដល់ភ្ញៀវទេសចរណ៍ នៅប្រាសាទអង្គរវត្ត។ នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចែម៉ី M Smooth បានបង្ហាញមុខនៅខេត្តសៀមរាប គឺមុខប្រាសាទអង្គរវត្តតែម្តង ដោយបានទាំងធ្វើរឿងល្អគួរលើកទឹកចិត្តមួយទៀតនោះ គឺការផ្តល់ក្រមាដែលជាអត្តសញ្ញាណខ្មែរទៅកាន់ជនបរទេស។
ការផ្តល់ជូនដោយស្នាមញញឹមនេះ បានធ្វើឲ្យគ្រប់គ្នាសាទរ និងលើកទឹកចិត្តត្បិតតែជាសកម្មភាពជាគំរូល្អ គឺបានណែនាំពីក្រមាខ្មែរដែលត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់យូណេស្កូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ ក្រៅពីផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ចែម៉ី M Smooth បានទាំងពន្យល់ពីអត្ថន័យ និងអត្ថប្រយោជននៃក្រមា ដែលមានប្រយោជនច្រើនក្នុងជីវភាពប្រចាំថ្ងៃ គឺការប្រើប្រាស់តាំងពីកើតរហូតដល់ស្លាប់ ដូចជាយកទៅរុំ ដណ្តប់, ចងធ្វើអង្រឹង, ធ្វើជាកម្រាលផ្សេងៗ, ស្លៀក, ជួតក្បាល, ទទូរ, ពានា, ជូតញើស ឬជូតខ្លួន, បក់ឱ្យរហើយ, បក់រុយ ឬមូស, ចោមពុង, ពាតបា (អាវអៀម), ផ្លាស់ ងូតទឹក, ចងធ្វើថ្នក់ដាក់របស់របរផ្សេងៗ។ល។
ក្នុងល្បែងប្រជាប្រិយ គេយកក្រមាចងធ្វើឈូង ឬលេងលាក់កន្សែង, ចងមុខលេងរាវបង្កង ឬលេងវាយក្អមពេលចូលឆ្នាំជាដើម។ បន្ថែមពីនេះកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅក្រមាដែលមានប្រវែងជាង១០០០ម៉ែត្រ ដែលកម្ពុជាបានត្បាញ គឺបានជាប់កំណត់ត្រាពិភពលោក Guinness World Records ទៀតផង។
អ្នកដែលបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដែលបានជួបចែម៉ី M Smooth ផ្ទាល់ក៏បានទាំងសរសើរ និងបានផ្តិតយករូបភាពវីដេអូ មកធ្វើការចែករំលែកនៅលើបណ្តាញសង្គមព្រោងព្រាត។ អមដំណើរជាមួយម្ចាស់ប្រេសរូបនេះ គឺជាស្វាមី និងកូនៗទាំង៤បានទៅលើកទឹកចិត្ត និងចូលរួមសកម្មភាពទាំងនេះនៅលើទឹកដីដ៏អច្ឆរិយៈ ពិសេសគឺជាការចូលរួមចំណែកជួយផ្សព្វផ្សាយ ពីសិល្បៈវប្បធម៌ប្រពៃណី និងស្នាមញញឹមខ្មែរទៅកាន់ជនបរទេស។ ភ្ញៀវទេសរណ៍បទេសខ្លះក៏បានស្គាល់ពីក្រមា អ្នកខ្លះក៏មិនទាន់បានស្គាល់ ហើយក៏មិនភ្លេចពីការភ្ជាប់នឹងរបស់អនុស្សាវរីយ៍នេះ គឺការប៉ាក់រូបប្រាសាទអង្គរនៅលើក្រមា ជាវត្ថុអនុស្សារីយ៍ផងដែរ៕