(បរទេស)៖ យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ IDC បានឱ្យដឹងថា ការនាំចេញ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនផលិតដ៏ធំបំផុតតែមួយគត់ដែលមើលឃើញការធ្លាក់ចុះក្នុងអំឡុងពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

តាមរយៈការនាំចេញនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ របាយការណ៍ខាងលើដដែលបានឱ្យដឹងថា Apple ឈរនៅចំណាត់ថ្នាក់ទី ៥ នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ខណៈការនាំចេញបានធ្លាក់ចុះមកនៅត្រឹម ៩.៨លានគ្រឿង ​ដែលបណ្តាលឱ្យក្រុមហ៊ុនដ៏ធំនេះកាន់កាប់ចំណែកទីផ្សារត្រឹមតែ ១៣.៧% ប៉ុណ្ណោះ ធ្លាក់ចុះពី ១៧.៤% នៅក្នុងត្រីមាសមុន។ លទ្ធផលនេះ គឺជាការធ្លាក់ចុះជាបន្តបន្ទាប់របស់ Apple ពោលគឺ ៧ ត្រីមាសជាប់ៗគ្នា។

ផ្ទុយទៅវិញ ក្រុមហ៊ុនក្នុងស្រុក Xiaomi ដែលជាអ្នកដឹកនាំទីផ្សារបានឃើញការនាំចេញកើនឡើងរហូតដល់ ៤០% ឈានដល់ចំនួននាំចេញសរុប ១៣.៣ លានគ្រឿង ខណៈដែលការនាំចេញទូទាំងឧស្សាហកម្មបានកើនឡើង ៣.៣% ឯណោះ។ ទន្ទឹមនឹងនេះ អ្នកវិភាគរបស់ IDC លោក Will Wong បាននិយាយថា រចនាសម្ព័នផលិតផលតម្លៃ premium របស់ Apple បានរារាំងក្រុមហ៊ុនពីការវិនិយោគទាំងស្រុងលើការឧបត្ថម្ភធនរបស់រដ្ឋាភិបាលថ្មីដែលបានណែនាំនៅក្នុងខែមករា ឆ្នាំ២០២៥ ដែលត្រូវបានរចនាឡើងដើម្បីជំរុញកំណើនការលក់ស្មាតហ្វូននៅក្នុងត្រីមាសទី១ របស់ប្រទេសចិន។

គួរជម្រាបថា កម្មវិធីឧបត្ថម្ភធនគ្រឿងអេឡិចត្រូនិចសម្រាប់អ្នកប្រើប្រាស់ឆ្នាំ២០២៥ របស់ប្រទេសចិនសម្រាប់ស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត បានផ្តល់ប្រាក់ (refund) ដល់អ្នកប្រើប្រាស់វិញប្រហែល ១៥% នៃតម្លៃលក់សម្រាប់ស្មាតហ្វូន ថេប្លេត និងនាឡិកាឆ្លាតវៃដែលមានតម្លៃក្រោម ៦,០០០ យន់ (ប្រហែល ៨២០ ដុល្លារ) ដោយមានការឧបត្ថម្ភធនអតិបរមា ៥០០ យន់ក្នុងមួយមុខទំនិញ និងដែនកំណត់នៃទំនិញឧបត្ថម្ភមួយក្នុងមួយប្រភេទសម្រាប់អ្នកប្រើប្រាស់៕